ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ផងនោះ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង និងជល់មាន់) មួយកន្លែងដោយឃាត់មនុស្ស២នាក់និងរឹបអូសវត្ថុតាងជាច្រើន។
ប្រតិបត្តិការដោយកម្លាំងចម្រុះនេះធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកស្នងការបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានឃាត់មនុស្ស២នាក់រួមមាន៖ទី១-ឈ្មោះ សែម សុភី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ម៉ៅ នី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង២ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ជាមួុយនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ហាន់តោអាប៉ោងចំនួន១, ចានអាប៉ោងចំនួន១, ផ្តិលជ័រគ្របអាប៉ោងចំនួន១, ប្រាក់ចំនួន៥៣ម៉ឺនរៀល កាបូបស្ពាយពណ៌សូកូឡាចំនួន១, ទូរស័ព្ទចំនួន២គ្រឿង, ជញ្ជីងអេឡិចត្រូនិចចំនួន១, ស៊ុំក្រុងមាន់ចំនួន១៨, មាន់ជល់ចំនួន១៧ក្បាល, កញ្ចក់សម្រាប់បាំងមាន់ជល់ចំនួន១, ម៉ូតូ ចំនួន១៣គ្រឿង, កៅអីជ័រចំនួន៥, តុសម្រាប់លេងអាប៉ោងចំនួន១និង ស្កុតរំខ្នាយមាន់ចំនួន២ដុំ។
ក្រោយបង្ក្រាបបានជនសង្ស័យ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖ប្រាថ្នា