ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញាព្រីយ៉ា ចេញមុខពន្លះបុរសលេងហ្វេសប៊ុកម្នាក់ទាំងព្រឹកព្រោះតែបុរសនោះប្រើប្រាស់ពាក្យសម្តីអសីលធម៌ ដោយការChat តាមហ្វេសប៊ុកមកសួរតម្លៃខ្លួននាង។ ការបង្ហាញមុខ និងគណនីហ្វេសប៊ុកបុរសនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ខែមេសានេះ បន្ទាប់ពីនាងបើកភ្នែកភ្លាមឃើញសារដែលហួសចិត្តមួយនេះ។ តារាសម្តែងស្រីព្រីយ៉ា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងក្នុងខ្សែភាពយន្តភាគរឿង “អំណាចទឹកប្រាក់” រឿង “កុងត្រាស្នេហ៍” និងMVបទ”កំដរខ្ញុំបន្តិចបានទេ” បានចេញមុខពន្លះបុរសម្នាក់ដែលនាងចាត់ទុកថាឥតកេរខ្មាសឆាតសួរតម្លៃខ្លួន ក្នុងន័យហៅទៅរួមមេត្រី។ ថ្លែងប្រាប់នគរវត្តតាមទូរស័ព្ទ តារាស្រីរូបនេះលើកឡើងថា ក្នុងនាមជាសិល្បករ នាងពេញចិត្តនឹងតបសារ និងលេងជាមួយអ្នកគាំទ្រ ប្រសិនបើនាងមានពេលវេលាគ្រប់គ្រាន់ ប៉ុន្តែបុរសម្នាក់ក្នុងហ្វេសប៊ុក ឈ្មោះ អ៊ុយ វិចិត្រ បានឆាតមកសួរនាងអំពីតម្លៃខ្លួន ដើម្បីរួមមេត្រី និងប្រើប្រាស់ពាក្យអសុរោះមកលើនាង ដែលធ្វើឲ្យនាងទ្រាំលែងបានបញ្ចេញមុខជាសាធារណៈដើម្បីជាការព្រមាន។ នាងថាបុរសនោះមិនមាន Friend នៅក្នុងហ្វេសប៊ុករបស់នាង ទេ ប៉ុន្តែបានយករូបនាង និងChat មកភ្ជាប់នឹងការសាកសួរតម្លៃខ្លួន។ នាងចាត់ទុកថាជាទង្វើអសីលធម៌មិនអាចទទួលយកបានឡើយ ព្រោះវាលើសខ្លាំងពេក។ទោះជាយ៉ាងណាតារាស្រីរូបនេះមិនមានគម្រោងដាក់ពាក្យបណ្តឹងណាមួយទៅលើបុរសដែលប្រមាថមកលើនាងនោះដែរ ដែលនាងសម្រេចចិត្តបញ្ចេញមុខមាត់គឺត្រឹមជាការព្រមាន ដើម្បីឲ្យបុរសរូបនេះនិងជនដទៃផ្អាកការមើលស្រាលមកលើស្រ្តី និងអ្នកសិល្បៈ។ គួរបញ្ជាក់ដែរថា ក្រោយប្រឡូកក្នុងសិល្បៈប៉ុន្មានឆ្នាំមកនេះ តារាសម្តែងព្រីយ៉ាទទួលបានឱកាសថតខ្សែភាពយន្ត ជាច្រើនរឿងបន្តបន្ទាប់ ហើយនាងទើបនឹងបញ្ចប់ការថតខ្សែភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងរឿង”ទាសករលុយ” និងកំពុងថតខ្សែភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍ហង្សមាសផងដែរ។ តារាស្រីវ័យ២៦ឆ្នាំរូបនេះគ្រោងនឹងបញ្ចេញសមត្ថភាពលើវិស័យភាពយន្ត និងការសម្តែងក្នុងMVមួយចំនួនទៀតផងដែរ៕ ដោយ វឌ្ឍនា