ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទទួលបានសម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ខេះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស អញ្ជើញក្នុងពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 នេះ។ ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP) ។
នេះជាលើកទី២ហើយ ដែលក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារជាតិកម្ពុជា។ ការប្រគល់លើកទី១ សម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុស COVID-19 មានទម្ងន់ជាង ២តោន។ សម្រាប់លើកទី២ នាថ្ងៃនេះគឺ មិត្តចិនផ្តល់សម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ចំនួន១៦តោន មានតម្លៃ១លានដុល្លារ ដល់ក្រសួងការពារជាតិកម្ពុជា ៕
ដោយ៖ សិលា