ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចុះបង្អើលកន្លែងលេងល្បែង ២ករណី ប្រមូលវត្ថុតាងបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រោយទទួលបទបញ្ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ពាក់ព័ន្ធករណីល្បែងសុីសងរីកដុះដាលដូចផ្សិតនៅតាមស្រុកនានា ឃើញកម្លាំងអធិការដ្ឋាននគរបាលស្រុក.ប៉ុស្ដិ៍រដ្ឋបាល សហការចុះពិនិត្យ និងបង្អើលល្បែងសុីសងក្នុងមូលដ្ឋានខ្លួន ដោយប្រមូលយកនូវវត្ថុតាង និងសម្ភារៈដើម្បីយកមកបន្តនីតិវិធី រីឯក្រុមជនប្រព្រឹត្តរត់គេចបាត់អស់ ។

យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ កម្លាំងប្រមូលបាននូវវត្ថុតាងល្បែងសុីសង(បៀ)រួមមាន ម៉ូតូម៉ាក វ៉េវអាល់ហ្វា ចំនួន ០៤គ្រឿង និងម៉ាក ហុងដាឌ្រីម ចំនួន ០១គ្រឿង សរុបចំនួន ០៥គ្រឿង បៀចំនួន ៥២សន្លឹក កម្រាលចំនួន ០១ និងស្បែងជើងចំនួន ០២គូរ ចំណែកក្រុមជនប្រព្រិត្តរត់គេចបាត់ ។

ដោយឡែក៖ របាយការណ៍នគរបាលស្រុកកណ្ដៀង នៅវេលាម៉ោង៤ និង៣៥នាទី រសៀលថ្ងៃដដែលឯនេះវិញ កម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលកោះជុំ សហការចុះពិនិត្យ និងបង្អើលបាន ១ករណីដែរ ដោយប្រមូលបាននូវវត្ថុតាងរួមមាន កម្រាលខ្លាឃ្លោកចំនួន ០១ផ្ទាំង កញ្ជែង និងគម្របក្រឡុកខ្លាឃ្លោកចំនួន ០៤ និងកៅអីជ័រចំនួន ០២ ចំណែកក្រុមជនប្រព្រិត្តរត់គេចបាត់ ស្ថិតនៅភូមិគៀន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ករណីបង្អើលល្បែងសុីសងប្រមូលនូវវត្ថុតាងខាងលើ សមត្ថកិច្ចនគរបាលរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរៀងៗខ្លួន ដើម្បីបន្តនីតិវិធី ៕ដោយ៖បុឹម ពិន


ចែករំលែក៖