កណ្ដាល៖ ក្រុមជនសង្ស័យជាមុខសញ្ញាឆក់កាបូបរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម២នាក់ ត្រូវនគរបាលក្រុងតាខ្មៅក្របួចជាប់ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋកំពុងជិះម៉ូតូតាមដងផ្លូវ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ២១ មុខផ្ទះសំណាក់ភ្នំមាស ស្ថិតក្នុងភូមិសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា២នាក់ ទី១-ឈ្មោះ មឿន រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២-ឈ្មោះ ពិសិដ្ឋ វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានគ្នា៣នាក់ ត្រូវជាប្ដីប្រពន្ធនិងកូន ពុំស្គាល់អត្ដសញ្ញាណ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GM- ៦២២៩ ,កាបូបដាក់លុយ ពណ៌ខ្មៅចំនួន២ ,ទូរសព្ទ័ចំនួន១គ្រឿង,ប្រាក់ដុល្លារចំនួន៦ដុល្លារ ,ប្រាក់រៀលចំនួន៧២,៨០០រៀល និងដុំថ្មចំនួន២ដុំ ។
ប្រភពដែលបន្ដថា កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះ៣នាក់ប្ដីប្រពន្ធ និងកូនស្រី បាននាំគ្នាជិះម៉ូតូដឹកត្រីទៅលក់នៅផ្សារ ដោយឪពុកជាអ្នកបើកម៉ូតូ ចំណែកម្តាយនិងកូនស្រី អង្គុយខាងក្រោយលើឡាំងត្រី។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងខាងលើ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ បណ្តាយឲ្យជនរងគ្រោះទាំង៣នាក់ដួលម៉ូតូលើថ្នល់ ទទួលរងរបួសទាំងអស់គ្នា ជួនពេលនោះ ក៏ជួបនឹងកំលាំងល្បាតរបស់បញ្ជាកាដ្ឋានអង្គរក្ស បានជិះដេញតាមចាប់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្ដង ។ ចំណែកជនរងគ្រោះទាំង៣នាក់ ត្រូវបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីពេទ្យ ។
តាមចំលើយសារភាពជនសង្ស័យបានឆ្លើយថា ខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់កាបូបគេបានសម្រេចចំនួន២ដង គឺលើកទី១ នៅគល់ស្ពានព្រែកសំរោងកាលពី៣ខែមុន បានទូរស័ព្ទ១គ្រឿង និងលើកចុងក្រោយដូចករណីរៀបរាប់ខាងលើមិនបានសម្រេច ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ៕ដោយ៖ស្អាង ជ័យ