ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកត្រីបុករថយន្ដមួយគ្រឿងទៀតឈប់លើចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

កណ្ដាលៈ រថយន្ដមួយគ្រឿងចតលើចិញ្ចើមផ្លូវដោយពុំដាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ ត្រូវរថយន្ដដឹកត្រីមួយគ្រឿងទៀត បើកល្បឿនលឿនបានបុកពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ស្រ្ដីរងគ្រោះស្លាប់ឈ្មោះ កាន់ ញ៉ុង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកត្រី ជាអ្នករួមលើរថយន្ដដឹកត្រីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-9673 បើកបរដោយឈ្មោះ ប៊ិន លើង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកបររថយន្ត (រងរបួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ វី ធឿង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ព្រូរថយន្ត ។ ជនរងគ្រោះទាំង៣នាក់ បច្ចុប្បន្នស្នាក់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែករថយន្ដម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-8676 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ មានរថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-8676 បានខូចមកចតលើចិញ្ចើមផ្លូវជាតិលេខ២១ ដោយពុំដាក់ស្លាកសម្គាល់ត្រឹមត្រូវទេ ខណៈនោះក៏មានរថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-9673 រថយន្ដដឹកត្រី បើកដោយល្បឿនលឿន មិនប្រយ័ត្នក៏បុករថយន្ដដែលចតលើចិញ្ចើមផ្លូវនោះពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីរងគ្រោះគៀបជាប់នៅក្នុងរថយន្ដដឹកត្រីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរ និងព្រូរថយន្ដ២នាក់ រងរបួសធ្ងន់ ។ចំណែកម្ចាស់រថយន្ដដែលខូចចតលើចិញ្ចើមផ្លូវនោះ រត់បាត់ស្រមោល។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាង ចុះធ្វើការពិនិត្យវាស់វែង រួចកសាងឯកសារដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស្អាង ជ័យ


ចែករំលែក៖