ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យ​ឯកជនកំពុងធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខ រួមទុក្ខ​ជាមួយគ្នា”

ចែករំលែក៖

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ ក្នុង បរិការណ៍ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះរាជរដ្ឋាភិបាលកម្ពុជា និងវិស័យ​ឯកជនកំពុងធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខ រួមទុក្ខ​ជាមួយគ្នា”។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យ ឯកជន ដើម្បីពិនិត្យ និងពិភាក្សា​លើ “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការ​ចាំបាច់​នានា” នៅថ្ងៃទី៣០ ខែមេសានេះ ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន​គណៈកម្មា​ធិការ​គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា៖ ក្នុង បរិការណ៍ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ, រាជរដ្ឋាភិបាល និងវិស័យ​ឯកជន​​កំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបន្តលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយ​ចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យ​ឯកជនកំពុងធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខរួមទុក្ខ​ជាមួយគ្នា” ។
ក្នុងន័យនេះ, ការចូលរួម​ចំណែក​ក្នុង​ការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរួមចំពោះមុខ និងក្នុងការជួយស្ដារការអភិវឌ្ឍប្រទេស កម្ពុជា ក្នុងអំឡុងពេលលំបាកនេះគឺជា “កត្តាចាំ បាច់មិនអាចខ្វះបាន” ។ ជាក់ស្ដែង, រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការអន្តរាគមន៍ចំនួន ០៣ ជុំ រួចមកហើយ ដើម្បីគ្រប់គ្រងផលប៉ះពាល់​​នៅ​ក្នុងវិស័យសំខាន់ ៗ ដោយគិតគូរ លើគ្រប់ទិដ្ឋភាពក្នុងការ៖

ទី ១. ជួយដល់ក្រុមហ៊ុន,​ រោងចក្រ, សហគ្រាស និងអាជីវកម្មដែលទទួលរងផលប៉ះពាល់ដើម្បី ឱ្យក្រុម ហ៊ុនទាំងនោះអាច​បន្ត​អាជីវកម្មបាន,

ទី ២. ជួយដល់កម្មករ-និយោជិតដែលបាត់បង់ ឬត្រូវព្យួរការងារឱ្យមានលំនឹងជីវភាព, និង

ទី ៣. ទ្រទ្រង់កំណើន​ ជាពិសេស​ ជួយដល់សហគ្រាសធុនតូចនិងមធ្យមដែល​ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ៕ដោយ៖សិលា


ចែករំលែក៖