ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ ក្នុង បរិការណ៍ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនកំពុងធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខ រួមទុក្ខជាមួយគ្នា”។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យ ឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើ “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការចាំបាច់នានា” នៅថ្ងៃទី៣០ ខែមេសានេះ ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា៖ ក្នុង បរិការណ៍ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ, រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបន្តលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា” ។
ក្នុងន័យនេះ, ការចូលរួមចំណែកក្នុងការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរួមចំពោះមុខ និងក្នុងការជួយស្ដារការអភិវឌ្ឍប្រទេស កម្ពុជា ក្នុងអំឡុងពេលលំបាកនេះគឺជា “កត្តាចាំ បាច់មិនអាចខ្វះបាន” ។ ជាក់ស្ដែង, រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការអន្តរាគមន៍ចំនួន ០៣ ជុំ រួចមកហើយ ដើម្បីគ្រប់គ្រងផលប៉ះពាល់នៅក្នុងវិស័យសំខាន់ ៗ ដោយគិតគូរ លើគ្រប់ទិដ្ឋភាពក្នុងការ៖
ទី ១. ជួយដល់ក្រុមហ៊ុន, រោងចក្រ, សហគ្រាស និងអាជីវកម្មដែលទទួលរងផលប៉ះពាល់ដើម្បី ឱ្យក្រុម ហ៊ុនទាំងនោះអាចបន្តអាជីវកម្មបាន,
ទី ២. ជួយដល់កម្មករ-និយោជិតដែលបាត់បង់ ឬត្រូវព្យួរការងារឱ្យមានលំនឹងជីវភាព, និង
ទី ៣. ទ្រទ្រង់កំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូចនិងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ៕ដោយ៖សិលា