ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំក៏មិនដឹងព័ត៌មាន ពីគីម ជុងអ៊ុនដែរ

ចែករំលែក៖

កន្លងមកថ្នាក់ដឹកនាំជាច្រើននៅលើពិភពលោកទាំងប្រធានាធិបតី អាម៉េរិកដូណាល់ ត្រាំ ប្រធានាធិបតីកូរ៉េខាងត្បូង…បានលើកឡើងពីស្ថានភាពរបស់មេដឹកនាំគីម ជុងអ៊ុន ក្រោយពេលលោកមិនបានបង្ហាញវត្តមានជាសាធារណៈ ក្នុងព្រឹត្តិការណ៍សំខាន់ៗនៅកូរ៉េខាងជើង ក្នុងនោះមានខួបកំណើតជីតាគីម អុីលស៊ុង។
តាំងពីពេលនោះមកមានព័ត៌មានជាច្រើនបានផ្សាយពីលោក គីម ជុងអ៊ុន នូវការសន្និដ្ឋាននានាមិនមែនជាការណ៍ពិត ។ នៅពេលនេះ សូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានទទួលស្គាល់ផងដែរថា លោកក៏មិនបានដឹងព័ត៌មានពាក់ព័ន្ធនឹងលោក គីម ជុងអ៊ុន ដែរ។
សារព័ត៌មាន Press Trust of India នៅថ្ងៃទី១ខែឧសភា បានដកស្រង់សម្តីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres ដែលបានបញ្ជាក់ថា លោក ក៏មិនបានដឹងពីស្ថានភាពសុខភាពរបស់លោកគីម ជុងអ៊ុនហើយក៏មិនដឹងថាលោកនៅទីណានោះដែរ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង ក៏មិនបានផ្សាយថាតើ លោកគីម ជុងអ៊ុន កំពុងធ្វើអ្វីនៅកន្លែងណានោះដែរតាំងពីកិច្ចប្រជុំនៅថ្ងៃទី ១១ខែមេសាមកទល់ពេលនេះ។
ជាមួយគ្នានេះប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏បានប្រកាសនៅក្នុងសន្និសីទកាសែតថា «ខ្ញុំយល់នូវអ្វីដែលកំពុងកើតឡើងនៅកូរ៉េខាងជើង ហើយខ្ញុំមិនអាចនិយាយអ្វីពី លោកគីម ជុងអ៊ុន នាពេលនេះឡើយ។ខ្ញុំសង្ឃឹមថាអ្វីគ្រប់យ៉ាងនៅកូរ៉េខាងជើងនិឹងល្អប្រសើរតែប៉ុណ្ណោះ»។
ប៉ុន្តែកន្លងមក គេហទំព័រ 38 north បានផ្សាយថា កូរ៉េខាងជើង អាចនឹងកំពុងសម្រាកលម្ហែកាយនៅទីក្រុង Wonsan ។ការសន្និដ្ឋាននោះគឺតាមរូបភាពផ្កាយរណបថតឃើញរថភ្លើងសម្រាប់ដឹកលោកគីម ជុងអ៊ុនមានវត្តមាននៅទីនោះ ។ អ្នកឯកទេសវិភាគបានលើកឡើងថាប្រសិនបើដឹងថាមេដឹកនាំ គីម ជុងអ៊ុន នៅទីណា កំពុងធ្វើអ្វីនោះ គេមិនហៅកូរ៉េខាងជើងថាជាប្រទេសសម្ងាត់ និងអាថ៌កំបាំងបំផុតលើពិភពលោកនោះឡើយ។ទាំងនោះជាចំណុចសំខាន់របស់កូរ៉េខាងជើងដែលអាម៉េរិកមិនហ៊ានវាយប្រហារ៕ដោយ៖ធី រីណា


ចែករំលែក៖