ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ៥នាក់ជួបជុំគ្នាផឹកសុីប្រដាប់ដោយកាំបិតនិងដាវសាមូរ៉ៃបម្រុងបើកឆាកប្រយុទ្ធត្រូវសមត្ថកិច្ចរារាំងទាន់ពេល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងស្ទាវចំនួន៥នាក់ប្រដាប់ដោយដាវ សាមូរ៉ៃនិងកាំបិតគ្រប់ដៃបានជួបជុំគ្នាផឹកសីុហើយពេលស្រវឹងបម្រុងប្រើហិង្សាដាក់គ្នាតែត្រូវបានសមត្ថកិច្ចរារាំងនិងឃាត់ខ្លួនបានទាន់ពេលទើបការប្រយុទ្ធគ្នាត្រូវបានរំសាយជាស្ថាពរ។
សមត្ថកិច្ចបានឲ្យដឹងថាការបង្ក្រាបក្រុមក្មេងស្ទាវទាំង៥នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២០នៅនៅត្រង់ចំណុចក្រុម៨ភូមិព្រៃលាវឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកផង់ សុភាពអធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាបានឃើញក្រុមក្មេងទំនើង៥នាក់មានកាំបិតនិងដាវសាមូរ៉ៃគ្រប់ដៃដែលទំនងពួកគេត្រៀមបើកឆាកប្រយុទ្ធគ្នានោះ ទើបភ្លាមៗនោះលោកបានជំរុញដល់កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលចុះបង្រ្កាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមដែលកំពុងអង្គុយផឹកស៊ីប្រដាប់ដោយកាំបិតនិងដាវសាមូរ៉ៃកាន់ក្នុងដៃគ្រប់ៗគ្នា។ពួកគេជិះម៉ូតូបំពាក់ដោយបំពង់ស៊ីម៉ាំងកែច្នៃផងត្រូវបានកម្លាំងអន្តរាគមន៍នាំគ្នាព័ទ្ធចាប់បានទាំង៥នាក់តែម្តង។

លោកអធិការបន្តថាក្មេងទំនើង ទាំង៥នាក់ដែលត្រូវឃាត់ខ្លួនរួមមានទី១-ឈ្មោះផាន់ សំណាងភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិទី២ថ្មីឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ដំបង ២-ឈ្មោះណាត ចិន ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិស្ពានឃុំបន្សាយត្រែងស្រុកថ្មគោល ខេត្តបាត់ដំបង។៣-ឈ្មោះជួន ប៊ុននី ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិថ្មីឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ដំបង៤-ឈ្មោះរ៉ាត់ មករាភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិថ្មីឃុំបន្សាយត្រែងស្រុកថ្មគោលខេត្ត​បាត់ដំបងនិង៥-ឈ្មោះលឿន ឡុងភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃលាវាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ចំណែកសម្ភារ:ដកហូតនៅចំពោះមុខដែលជាវត្ថុតាងរួមមាន:កាំបិតនិងដាវសាមូរ៉ៃចំនួន៦ដើម,ដំបងដែក០១,ម៉ូទ័រឆាប០១និងម៉ូតូចំនួន០២គ្រឿង(កែច្នៃបំពង់ស៊ីម៉ាំង)។
ក្រោយមកក៏នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកហើយសមត្ថធ្វើកំណត់ហេតុសាកសួរបំភ្លឺនិងចង់ដឹងអំពីគោលបំណងដែលពួកគេមានកាំបិតនិងដាវដាក់តាមខ្លួនបែបនេះក្នុងគោលបំណងអ្វី?បន្ទាប់មកសមត្ថកិច្ចបានធ្វើការអប់រំណែនាំដោយឲ្យឳពុកម្តាយឬអាណាព្យាបាលពួកគេមកធ្វើការធានានិងធ្វើកិច្ចសន្យាត្រឹមត្រូវដើម្បីបញ្ឈប់សកម្មភាពបែបនេះមុននឹងឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ដោយ÷ស សារ៉េត


ចែករំលែក៖