ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋយករថយន្តមកត្រួតពិនិត្យលក្ខណបច្ចេកទេស ក្រោយច្បាប់បានរឹតបន្តឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមខ្លឹមសារនៃអនុក្រឹត្យលេខ៣៩ អនក្រ. បក ត្រង់ជំពូកទី៣ មាត្រា៧ថ្មី ចំណុចទី៤ បានបញ្ជាក់ថា ត្រូវពិន័យអ្នកបើកបររថយន្តធុន ស្រាល ទឹកប្រាក់ចំនួន ១៨០, ០០០រៀល និងអ្នកបើកបររថយន្តធ្ងន់ធ្ងរទឹកប្រាក់ចំនួន ៣៧៥,០០០រៀល ចំពោះអំពើល្មើសបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយាន ឬប្រើ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស ហួសសុពលភាព
ប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង ដែលមានរថយន្តធំ-តូច បាននាំគ្នាសម្រុកយករថយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក) យ៉ាងច្រើន ខណៈមានសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ស្ដីពីកាលបរិច្ឆេទត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ដោយប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យចល័ត នឹងចាប់ដំណើរការត្រួតពិនិត្យ នៅលើផ្លូវក្រុងលេខ១១៩ (រង្វង់មូលនាគបាញ់ទឹក មាត់ទន្លេ) ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០៤ ខែឧសភា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមមន្ត្រីមន្ទីរសាធារណ និងដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យដឹងថា ការត្រួតពិនិត្យបច្ចេកទេសរថយន្ត(ឆៀក)នេះ គឺពីចាប់ពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
ក្នុងមួយថ្ងៃៗមានរថយន្តតូច ធំ ជាច្រើនគ្រឿងបានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ចល័តយានយន្តមណ្ឌល ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) រាប់រយគ្រឿងទាំងរថយន្តតូច-ធំ ហើយក្រៅពីប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ស្វាយរៀង ខេត្តព្រៃវែងក៏បានយកមកធ្វើឆៀកផងដែរ។

បើតាមប្រជាពលរដ្ឋមកធ្វើឆៀករថយន្តបានឲ្យដឹងថា ចាប់ពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ មានបងប្អូនប្រជាពលរដ្ឋដែលមានរថយន្ត បាននាំយករថយន្តមកត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក) យ៉ាងច្រើនកុះករតាមបណ្ដោយផ្លូវលេខ ១១៩ មានការកកស្ទះទាំងស្រុងតែម្ដង។ មានថយន្ត តូច ធំ ជាច្រើនគ្រឿងក្នុងមួយថ្ងៃបានចូលមក ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នៅគោលដៅដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានកំណត់ខណៈការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ៕យឹម សុថាន


ចែករំលែក៖