ព័ត៌មានទាន់ហេតុការណ៍៖

គូស្នេហ៍មួយរួមរស់នឹងគ្នាដូចប្តីប្រពន្ធ៤ឆ្នាំត្រូវខាងស្រីចោទរំលោភ

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវស្នេហាមួយគូ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ព្រោះតែ នៅទីបំផុត ខាងប្រុសត្រូវរងការចោទប្រកាន់ពីបទរំលោភ និងគំរាមសម្លាប់ ខណៈដែលគ្រប់គ្នាបានដឹងថា អ្នកទាំងពីរបានរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអស់រយៈពេល ៤ ឆ្នាំ ទៅហើយ និងសូម្បីខាងប្រុសយក ម្តាយរបស់នាង មករស់នៅក្នុងផ្ទះរបស់ខ្លួនទៀតផង។

នេះបើយោងតាមទំព័រហ្វេសប៊ុក បានបញ្ជាក់ឲ្យដឹងថា៖ “ប្អូនប្រុសម្នាក់នេះ ត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបន្ទាប់ពីគូរស្នេហ៍ដែល ស្រលាញ់គ្នា ៤ ឆ្នាំ ប្ដឹងថា បានរំលោភ និង គំរាមសម្លាប់” ។ “ក្រុមគ្រួសារខាងប្រុសបានឲ្យដឹងថា ពួកគេទាំងពីរនេះ ស្រលាញ់គ្នានៅជាមួយគ្នាដូចប្ដីប្រពន្ធចំនួន ៤ ឆ្នាំ មកហើយ គឺ ២ឆ្នាំ នៅបន្ទប់ជួល ហើយ ២ ឆ្នាំ ទៀត យុវជនដែលសមត្ថកិច្ចឃាត់ខ្លួន បាននាំនារីជាសង្សារមកនៅក្នុងផ្ទះគ្រួសារខាងប្រុស នៅព្រែកឯង ដោយនាំទាំងម្ដាយនាងមកនៅជាមួយផង “។
“ពាក់ព័ន្ធនឹង ការឃាត់ខ្លួននេះ អ្នកកាសែតបានព្យាយាមសួរនាំសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបន្ទុកករណីនេះដែរ តែមន្ត្រីអាវុធហត្ថដែលកាន់សំណុំរឿង ឈ្មោះ សាម៉ុន មិនប្រាប់ព័ត៌មានទេ ដោយនិយាយយ៉ាងខ្លីថា មានបទល្មើសត្រូវឃាត់ខ្លួនហើយ ហើយក៏បិទទូរស័ព្ទទៅ “។
“យើង មិនទាន់ដឹងថា តើយុវជនដែលត្រូវឃាត់ខ្លួននោះបានប្រព្រឹត្តបទល្មើសអ្វីខ្លះនោះទេ ។ តែបើចោទ ថា រំលោភគឺមិនសមទេ ព្រោះនៅជាមួយគ្នាដូចប្ដីប្រពន្ធជាង ៤ ឆ្នាំ ទៅហើយបើចង់យកកូនវិញប្រហែលមានកូនពីរបីទៅហើយ ។

ករណីនេះ បើតាមអ្នកលេងបណ្តាញសង្គមជាច្រើន បានយល់ឃើញបែបៗនេះថា៖ “រឿងនេះអាចកើតឡើង គឺដោយសារខាងប្រុសចង់ដោះដៃពីខាងស្រី” ។ ប៉ុន្តែ បើតាមព្រះតេជគុណមួយអង្គដែលមានគណនីហ្វេសប៊ុកឈ្មោះ Kheoun Samnang បានលើកឡើងយ៉ាងដូច្នេះថា៖ “សូម្បីតែប្តីប្រពន្ធនិងគ្នាក៏អាចចោទពីបទរំលោភសេពសន្ថវៈបានដែរ បើក្នុងករណីភាគីណាម្នាក់ចាប់បង្ខំគេ ។ សូមស្វែងយល់ត្រង់ចំណុចនេះផង ។ អាចមានទោស បើក្នុងករណីចាប់បង្ខំប្រពន្ធខ្លួនដើម្បីសេពសន្ថវៈ ដោយនាងមិនបានស្មគ្រចិត្តក្នុងរឿងនេះទេ ។ ការប្រពន្ធមក មិនមែនយកមកបង្ខំសេពសន្ថវ:ទេ ” ។
ព្រះតេជគុណខាងលើបានបន្តថា៖ “អ្នកខ្លះអាងតែប្តីគេ ហ៊ានបង្ខំប្រពន្ធខ្លួនឱ្យសេពសន្ថវៈជាមួយខ្លួន ទាំងដែលនាងមិនស្រួលខ្លួន ឬមិនមានអារម្មណ៍ក្នុងរឿងនេះ “។

ប៉ុន្តែ នៅពេលមានការលើកឡើងថា “ប្រុសប្រកែកស្រីប្រកាន់ ដូចមិនសម” ព្រះតេជគុណឆ្លើយតបថា ” រឿងមិនដឹងទេ ទាល់តែសួរភាគីទាំងសងខាងទើបដឹង បើតែបើនិយាយពីសង្សារក្តី ប្តីក្តីបើមានករណីចាប់បង្ខំដើម្បីរំលោភសេពសន្ថវៈមែន លើសង្សារខ្លួន លើប្រពន្ធខ្លួន នោះប្រាកដណាស់ច្បាស់ជាមានទោស” ។

ចូលរួមឆ្លើយតបទៅនឹងការពន្យល់បកស្រាយក្នុងរឿងនេះ ពីព្រះតេជគុណខាងលើ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Preng Satyaphireak បានបញ្ជាក់ថា៖ “ច្បាប់ សម្រាប់ប្ដីប្រពន្ធ គ្មានទោសរំលោភទេ គ្រូព្រហ្មទណ្ឌកូណា ប្រាប់អ៊ីចឹង ពេលរៀននៅសាលាច្បាប់” ។
ហេតុដូច្នេះ ប្រសិនប្រិយមិត្តណាអាចយល់ដឹងពីផ្លូវច្បាប់បន្ថែម សូមជួយបកស្រាយក្នុង Comment ផង ៕ហេង សូរិយា


ចែករំលែក៖