ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តខណៈដែលក្មេងប្រុសរូបនេះបានចុះទៅលេងទឹកបឹងយក្ខឡោម ហើយលង់បាត់មួយស្របក់ទើបអ្នកនៅទីនោះនាំគ្នាចុះរាវរកប្រទះឃើញដឹកយកទៅសង្គ្រោះ។
ហេតុការណ៍ក្មេងលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នៅរមណីយដ្ឋានបឹងយក្ខឡោម ត្រង់ចំណុចកំពង់ផែទី១ ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពពីមន្ត្រីនគរបាលសង្កាត់យក្ខឡោមបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ រុន បុនរ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាសិស្ស មានឪពុកឈ្មោះ សួន សារីន និងម្តាយឈ្មោះ យ៉ែម គន្ធា រស់នៅភូមិឃុំខាងលើ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់ស្នងការដ្ឋានគរបាលខេត្តមកដឹកបញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្រ្គោះ ប៉ុន្តែជាអកុសលក្មេងប្រុសរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហេីយមុនពេលទៅដល់។
សពក្មេងរងគ្រោះសមត្ថកិច្ចបានប្រគល់ឱ្យឪពុកម្តាយយកទៅផ្ទះរៀបចំធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖ ជីវ័ន្ត