ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍និយាយមិនស្ដាប់គ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ផឹកស្រាស្រវឹងហេីយបើករថយន្តឡិចស៊ីស RX-300 មួយគ្រឿងទៅបុកគូទរថយន្ត ឡិចសុីសnx200 t មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច​ តែដោះស្រាយគ្នាមិនត្រូវ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង៩និង ២០នាទីយប់ថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២០នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងគេឃើញរថយន្តម៉ាកឡិចសុីសNX200 t មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BD-1317 ធ្វើដំណើរទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត ឡិចសុីសRX-300 មួយគ្រឿង​ ពណ៌ស្ករ​ ពាក់ស្លាកលេខកណ្ដាល2A-9358 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយបុកគូទរថយន្តឡិចសុីសNX-200t បណ្ដាលឲ្យរងការខូចខាតកាងក្រោយបន្តិចបន្តួច​ ។  

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នារយៈពេលជិតមួយម៉ោងនៅតែមិនត្រូវគ្នា​ ដោយម្ចាស់រថយន្តបង្កនិយាយមិនស្តាប់គ្នា ទើបសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តបង្កនិងភាគីរថយន្តរងគ្រោះក៏ដូចជារថយន្តមកគោលដៅសមត្ថកិច្ចរឹតបណ្តឹងច្បាប់ចរាចរណ៍ដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀត​ ដោយភាគីបង្កនៅតែនិយាយមិនស្ដាប់គ្នានិងមិនសហការជាមួយកម្លាំងសមត្ថកិច្ច​ ទេីបសមត្ថកិច្ចសម្រេចនាំខ្លួនបញ្ចូនទៅផ្នែកចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការបន្ត។ចំណែករថយន្តសមត្ថកិច្ចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នានៅពីក្រោយ៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖