ខេត្តស្ទឹងត្រែង៖ ក្នុងនាមអភិបាលនៃគណ:អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ដែលទើបតែបង្កើតថ្មី កវែក កឆ្នាំង ហើយជាស្រុកទី៦ កូនពៅគេចំណុះឲ្យខេត្តស្ទឹងត្រែង មាន៣ឃុំ និងមានប្រជាពលរដ្ឋជាង៣ពាន់គ្រួសារ ស្ថិតនៅជាប់ព្រំប្រទល់កម្ពុជា-ឡាវ ហើយក៏ជាឈ្មោះមួយដ៏ល្បីរន្ទឺ ដែលសម្តេចព្រះបរមរតនកោដ្ឋ សម្តេចនរោត្តម សីហនុនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះវររាជបិតាជាតិខ្មែរ បានដាក់ឈ្មោះថា បុរីអូរស្វាយរហូតមកដល់សព្វថ្ងៃនេះ ដែលជាស្រុកសម្បូរសប្បាយនាសម័យទសវត្សទី៦០ ដោយបន្សល់ទុកនូវព្រះរូបសំណាករបស់ព្រះអង្គជានិមិត្តរូប នៅក្រោមដើមពោធិ៍ដ៏ធំ មានម្លប់ត្រឈឹងត្រឈៃ។
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០លោកលី មីណា អភិបាលនៃគណ:អភិបាលស្រុក បុរីអូរស្វាយសែនជ័យ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយើងថា នេះជាស្រុកទើបតែបង្កើតថ្មី កវែក កឆ្នាំង ហើយជាស្រុកទី៦ ចុងក្រោយគេផងដែរដោយនៅខ្វះមុខ ខ្វះក្រោយ ប៉ុន្តែដោយលោកយល់ឃើញថា ឃុំអូរស្វាយនេះ ស្ថិតនៅក្នុងទីរួមស្រុក ដូច្នេះដើម្បីឲ្យមានសក្តានុពល នឹងសោភណភាព មានពន្លឺបំភ្លឺផ្លូវនៅពេលយប់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការពារនូវសន្តិសុខសណ្តាប់ធ្នាប់សង្គមផងដែរនោះលោកក៏បានឱ្យគេរៀបចំដាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវតែម្តងទៅ ដើម្បីឲ្យសមទៅនឹងឈ្មោះ ដែលព្រះបរមរតនកោដ្ឋ សម្តេចតាដាក់ព្រះនាមឲ្យ ហើយជាស្នាព្រះហស្ត សម្តេចតាបានបន្សល់ទុកឲ្យ ដោយមានរូបសំណាកស្តូបជានិមិត្តរូប។
លោកអភិបាលស្រុកបញ្ជាក់ទៀតថា ជំហានទីមួយលោកបំពាក់អគ្គិសនីសូឡាចំនួន៤០បង្គោល គឺដាក់ពីទីរួមស្រុករហូតដល់ស្តូបតាមដងផ្លូវ ជាពិសេសក្នុងបរិវេណស្រុកទាំងមូល ដែលជាទីប្រជុំជន ហើយក៏ជាតំបន់អេកូទេសចរណ៍រាមសារផងដែរ ហើយភ្លើងសូឡានេះយប់ភ្លឺ ថ្ងៃងងិឹតអូតូខ្លួនឯង ដោយមិនបាច់យើងទៅបិទបើកនោះទេ ហើយតម្លៃក្នុងមួយផ្ទាំងសូឡានិងបង្គោលតែ៨០ម៉ីនរៀល ហើយចម្ងាយពីបង្គោលមួយទៅបង្គោលមួយ២៥ម៉ែត្រ ជាថវិការបស់ស្រុក ហើយនឹងបន្តបំពាក់ឲ្យបានគ្រប់ផ្លូវក្នុងឃុំអូរស្វាយ ក្នុងទីរួមស្រុក។
ក្នុងនោះផងដែរប្រជាពលរដ្ឋដែល រស់នៅក្នុងឃុំអូរស្វាយបានសម្តែងនូវការត្រេកអរឥតឧបមាដែលលោកអភិបាលស្រុកបានដាក់ភ្លើងសូឡា តាមផ្លូវបំភ្លឺនៅពេលយប់ ងាយស្រួលដល់ពួកគាត់ អស់បារម្ភនឹងហានិភ័យផ្សេងៗ កើតមាននៅក្នុងឃុំអូរស្វាយទាំងមូល ដែលពីមុនពុំធ្លាប់មាន៕ដោយ៖មាស សុផាត