ព័ត៌មានទាន់ហេតុការណ៍៖

ភ្លេចពន្លត់ភ្លើងស្ងោរក្បាលជ្រូក នាំគ្នាទៅសែនព្រេនចំណុចប្រាសាទប្រាំ មកវិញឆេះផ្ទះខ្ទេច

ចែករំលែក៖

ខេត្តព្រះវិហារ៖ គ្រួសារមួយបាន បង្កាត់ភ្លើងស្ងោរក្បាលជ្រូក និងចម្អិនម្ហូបអាហាររួចរាល់ តែពុំបានពន្លត់ភ្លើងចង្ក្រាន ហើយនាំគ្នាទៅសែនព្រេននៅប្រាសាទប្រាំទាំងអស់គ្នា ដោយគ្មានអ្នកនៅចាំផ្ទះ បណ្តាលឲ្យភ្លើងឆាបឆេះផ្ទះខ្ទេច កាលពីវេលាម៉ោង១៤និង១៥នាទី រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ចំណុចអូរចាក់ស្រា ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គីភ័យឆាបឆេះនេះ ឈ្មោះ ជោ ថាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះឡាន់ លាន អាយុ៤៥ឆ្នាំ មានកូនប្រុស២នាក់។

ការខូចខាតរួមមាន៖ ផ្ទះ១ខ្នង ទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ សង់អំពីឈើ ក្រាលក្ដារ ជញ្ជាំងបាំងក្ដារ និងតសំយាបជុំវិញ ។ ម៉ាស៊ីនកិនស្រូវ០១គ្រឿង ម៉ាស៊ីនកាត់ស្មៅ០១គ្រឿង ម៉ាស៊ីនបូមទឹក០១គ្រឿង ម៉ាស៊ីនគោយន្ត០១គ្រឿង រណាយន្ត០៣គ្រឿង«តូច០២គ្រឿង និងធំ០១គ្រឿង»។ ទូរស័ព្ទដៃ០៣គ្រឿង ស្រូវ២៥បេ អង្ករ៥០គីឡូក្រាម សៀវភៅស្នាក់នៅ០១ក្បាល សៀវភៅគ្រួសារ០១ក្បាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០២សន្លឹក និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះឆេះទាំងអស់។

មូលហេតុ ដោយសារម្ចាស់ផ្ទះបង្កាត់ភ្លើងស្ងោរក្បាលជ្រូក និងចម្អិនម្ហូបអាហារ រួចរាល់ពុំបានពន្លត់ភ្លើងចង្ក្រាន ហើយនាំគ្នាទៅសែនព្រេននៅចំណុចប្រាសាទប្រាំទាំងអស់គ្នា គ្មានអ្នកនៅចាំផ្ទះ បណ្ដាលឲ្យភ្លើងឆាបឆេះផ្ទះតែម្ដង៕ ដោយ៖នរិន្ទ្រ


ចែករំលែក៖