ខេត្តកណ្តាល៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ « Hok Tanghong» បានបង្ហោះកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា «នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលិសអើយធ្លាប់តែលឺគេថាឥឡូវជួបផ្ទាល់ខ្លួនឯងបានដឹង»។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចេញបញ្ជាអោយ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល មានការទទួលខុសត្រូវនូវកំហុសរបស់ខ្លួន ដោះស្រាយជាមួយម្ចាស់ឡាន ខណះខ្វះការទទួលខុសត្រូវរបស់យើង តាមរយៈការធ្វេសប្រហែសការងារ មើលថែមិនដិតដល់។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងម្ចាស់ឡានបានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទ ពាក់ព័ន្ធបាត់សម្ភាររថយន្ត ដោយមានលោក សុខ សំណាង នាយផ្នែកសណ្តាប់ធ្នាប់ តំណាងអោយលោកអធិការ នៃ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានជួយថវិកាចំនួន ១២០០ដុល្លារ អោយទៅឈ្មោះ ហុក តាំងហុង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ ដែលត្រូវជាបងថ្លៃម្ចាស់រថយន្ត ឈ្មោះ នូ វិរៈ ជាម្ចាស់រថយន្តម៉ាក កាមរីបាឡែនពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២AN-២០១៩ បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានបាត់បង់សម្ភាររថយន្តមួយចំនួន។ ក្នុងករណីនេះ លោក ហុក តាំងហុង បានព្រមទទួលទឹកប្រាក់ខាងលើ និងយករថយន្តទៅជួសជុល ទិញគ្រឿង ដោយខ្លួនឯង តាមទំហំទឹកប្រាក់ដែលលោកឯកភាពទទួលនោះ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានពង្រឹងដល់មន្ត្រីនគរបាលក្រោមឱវាទ មានភារកិច្ច ទទួលខុសត្រូវ លើការងារ របស់ខ្លួន បម្រើប្រជាពលរដ្ឋ អោយបានល្អ បំផុត ជៀសវាងការថ្នាំងថ្នាក់ពីកំហុសការងារ ណាមួយ៕ដោយ៖សិលា