ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងក្នុងឆ្នាំនេះពេលស្ថានភាពកូវីដ-១៩ល្អប្រសើរ

ចែករំលែក៖

នៅក្នុងជំនួបពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេលប្រហែល៣០នាទី កាលពីថ្ងៃទី១៣ខែឧសភារវាង ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ប្រធានាធិបតីចិន ប្រកាសថានឹងបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០២០នេះ។
តាមសារព័ត៌មានកូរ៉េខាងត្បូង Arirang នៅថ្ងៃទី១៤ ខែឧសភា បានផ្សាយថា នៅក្នុងកិច្ចពិភាក្សាគ្នានោះ មេដឹកនាំចិននៅតែប្តេជ្ញាទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០២០នេះ ។ មេដឹកនាំ មូន ជេអុីនបានថ្លែងថា ដំណើរទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូលរបស់ប្រធានាធិបតីចិន គឺជាកិច្ចការសំខាន់បំផុតជាងកិច្ចការអ្វីៗទាំងអស់ដើម្បីឆ្លុះបញ្ចាំងពីទំនាក់ទំនងជាឧបតោភាគីរវាងប្រទេសទាំងពីរ ។
ទាក់ទងបញ្ហាឧបទ្វីបកូរ៉េវិញ ប្រធានាធិបតី ស៊ី បានសង្កត់ធ្ងន់ចំពោះការបន្តគាំទ្រដំណើរការសន្តិភាព ដែលប្រធានាធិបតី មូន បានសម្តែងការពេញចិត្តពេញថ្លើមជាខ្លាំង ។ ពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទលើកទីពីររបស់មេដឹកនាំចិន និងកូរ៉េខាងត្បូង គឺចាប់តាំងពីពេលវីរុសកូវីដ-១៩បានរាតត្បាត ។ កាលពីខែកុម្ភៈឆ្នាំ២០២០ ក៏មានកិច្ចពិភាក្សាជាលើកដំបូងផងដែរ ក្នុងពេលកូវីដ-១៩កំពុងផ្ទុះឡើងខ្លាំងនៅអាស៊ី៕ដោយ៖ធី រីណា

 


ចែករំលែក៖