ខេត្តតាកែវ ៖ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ លោក ជួង វ៉ាន បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះថា អាជ្ញាធរមានសមត្ថកិច្ច ដែលដឹកនាំដោយលោកផ្ទាល់ នឹងចុះទៅវត្តភ្នំបូរី ដើម្បីធ្វើកំណត់ហេតុ និង ឃាត់ខ្លួនព្រះតេជគុណ ឡុង ចន្ថា ប្រសិនបើមិនធ្វើតាមការសន្យាលាចាកសិក្ខាបទ ដោយគិតត្រឹមម៉ោង១៧និង ៣០ នាទីល្ងាចនេះ។
ភិក្ខុ ឡុង ចន្ថា ដែលកំពុងគង់នៅវត្តភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានសន្យាកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ថា នឹងលាចាកសិក្ខាបទ ដោយខ្លួនឯងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ ក្រោយមានការបែកធ្លាយ វីដេអូឆាតញ៉ែស្រីតាមហ្វេសប៊ុក។ លុះដល់ថ្ងៃកំណត់គណៈកម្មការអាចារ្យវត្តភ្នំបូរីស្រុកអង្គបូរីនិយាយ ថា ព្រះសង្ឃ ឡុង ចន្ថា មិនបានគង់ក្នុងវត្តភ្នំបូរីនេះទេ ដោយលោកត្រូវបានក្រុមគ្រួសារនាំទៅស្រុកកំណើតចេញពីវត្តនេះ០៣ថ្ងៃ ហើយ ប្រហែលជានាំទៅវត្ត ដែលលោកបានបួសកាលពីនៅតូចនៅក្នុងស្រុកបូរីជលសារ ខេត្តតាកែវក៏មិនដឹង។
តាមហ្វេសប៊ុករបស់ព្រះអង្គ ឡុង ចន្ថា ផ្ទាល់ប្រកាស ថាមិនទាន់អស់និស្ស័យនឹងព្រះទេ។ ព្រះអង្គ ឡុង ចន្ថា អះអាងថា លោកគ្រាន់តែប្រើពាក្យសម្ដីលេងសើចជាមួយនារីម្នាក់នោះ តែពុំធ្លាប់បានប៉ះពាល់រាងកាយនាងឡើយ៕ដោយ៖ នរិន្ទ្រ