ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យឯកទេសចិនចុះផ្សព្វផ្សាយវិធីបង្ការជំងឺកូវីដ-១៩ និងធ្វើតេស្តដល់កងទ័ពកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ គណៈប្រតិភូក្រុមគ្រូពេទ្យឯកទេសចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារ៉ាវុទ្ធ  នាយករង នាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានចុះផ្សព្វផ្សាយ និងធ្វើតេស្តដោយស្ម័គ្រចិត្តរកជំងឺឆ្លងកូវីដ-១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងបព្ជាាការដ្ឋានយោធភូមិភាគពិសេសកាលពីថ្ងៃព្រហស្បតិ៍  ៨រោច ខែពិសាខ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា​ ឆ្នាំ២០២០  ។

លោកឧត្តមសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ មេបព្ជាាការរង បព្ជាាការដ្ឋាន យោធភូមិភាគពិសេស បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិន គ្រូពេទ្យនាយកដ្ឋានសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលា អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានចុះមកបំពេញ បេសកកម្មក្នុងពេលនេះ ដែលបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងការពារជាតិ ចំពោះសុខទុក្ខរបស់កងទ័ពដែលកំពុងបំពេញភារកិច្ច។ រាល់ការគិតគូរយកចិត្តទុកដាក់ខ្ពស់នេះ ញ៉ាំងឲ្យកងទ័ពមានស្មារតីមោះមុត ការពារបូរណភាពទឹកដី និងចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមជាតិ»។

លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារ៉ាវុទ្ធ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នស្ថានភាពទូទៅក្នុងពិភពលោក និងក្នុងតំបន់មានការព្រួយបារម្ភអំពីជំងឺឆ្លងដ៏កាចសាហាវនេះដែលកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្សយ៉ាងច្រើន ក្នុងនោះប្រទេសកម្ពុជាក៏រងគ្រោះដោយសារវីរុសឆ្លងនេះដែរ។

លោកបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់គ្រប់ស្ថាប័ន ត្រូវសហការជាមួយក្រសួងសុខាភិបាល កៀរគរដល់មន្រ្តីរាជការ សប្បុរសជន ចូលរួមជាថវិកា និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ និងបញ្ចៀសជំងឺនេះទទួលបានជោគជ័យគួរជាទីមោទនៈ។

លោកបន្ថែមទៀតថា ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ កងឯកភាពនានាបានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល ចាត់តាំងក្រុមគ្រូពេទ្យរបស់កងឯកភាព ចុះសហការជាមួយអាជ្ញាធរភូមិ-ឃុំ ធ្វើការផ្សព្វផ្សាយ ណែនាំអំពីវិធីការពារ ការទប់ស្កាត់ និងធ្វើតេស្តពិនិត្យកម្តៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបព្ជាាការដ្ឋានឈរជេីង។

ជាមួយគ្នានេះ នាយទាហាន នាយទាហានរង និងពលទាហាន កងពលស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួន តាមចំនួនខែនីមួយៗ ជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នេះផងដែរ៕ដោយ៖សុខដុម


ចែករំលែក៖