វៀតណាម៖ តាមគេហទំព័រ ស្តីពីជំងឺកូវីដ-១៩ របស់ក្រសួងក្រសួងសុខាភិបាលវៀតណាម ncov.moh.gov.vn បានផ្សាយថា វៀតណាមបានខិតខំព្យបាលអ្នកជំងឺកូវីដ-១៩ជនជាតិ អង់គ្លេស ជាអាកាសយានិក វ័យ៤៣ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រទម្ងន់១០០គីឡូក្រាម ។ អ្នកជំងឺរូបនេះ បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដល់ទៅ៣៣ថ្ងៃហើយ។
គណៈកម្មការព្យាបាលជំងឺកូវីដ-១៩និងក្រុមគ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំ ដើម្បីយកមតិភាគច្រើនក្នុងការត្រួតពិនិត្យនិងព្យាបាលដំណាក់កាលថ្មី។ ជាមួយគ្នានេះ វៀតណាម មិនចង់ឲ្យមានករណីស្លាប់ដោយកូវីដ-១៩នៅក្នុងប្រទេសរបស់ខ្លួននោះទេ។
បុរសជនជាតិអង់គ្លេស គឺជាអ្នកជំងឺទី៩១ ក្នុងចំណោមករណីឆ្លងទាំង២៨៨នាក់។បុរសរូបនេះបានឆ្លងកូវីដ-១៩ពីរង្គសាលមួយកន្លែងក្នុងទីក្រុងហូជីមិញ។ មនុស្សច្រើនជាង៤ពាន់នាក់ ត្រូវបានកំណត់ថា ជាប់ពាក់ព័ន្ធករណីឆ្លងជាចង្កោមមួយនេះ ប៉ុន្តែលទ្ធផលធ្វើតេស្តបង្ហាញថា មានអ្នកឆ្លងតែ១៨នាក់ប៉ុណ្ណោះ។ ខណៈអ្នកជំងឺឯទៀតបានជាសះស្បើយជាបន្តបន្ទាប់នោះ អ្នកបើកបរយន្តហោះរូបនេះបែរជាមានអាការៈមិនធូរស្រាល និងត្រូវការឧបករណ៍ជំនួយដើម្បីបន្តជីវិត។ ក្រុមគ្រូពេទ្យ វៀតណាម នឹងរៀបចំប្តូរសួត ។ នៅពេលនេះដែរសារព័ត៌មាន វៀតណាម បានផ្សាយថា មានមនុស្ស១០នាក់ស្ម័គ្រចិត្តបរិច្ចាគសួតរបស់ពួកគេដើម្បីសង្គ្រោះជីវិតពីឡុតជនជាតិអង់គ្លេសម្នាក់នេះ ប៉ុន្តែគ្រូពេទ្យរដ្ឋបានបដិសេធ។ សួតរបស់អ្នកជំងឺម្នាក់នេះដំណើរការតែ១០ភាគរយប៉ុណ្ណោះ ហើយត្រូវពឹងផ្អែកលើឧបករណ៍សង្គ្រោះ។
ពាក់ព័ន្ធថ្លៃចំណាយវិញ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានចំណាយលុយច្រើនជាង៥ពាន់លានដុង (ប្រមាណ២០ម៉ឺនដុល្លារ) ។
សូមបញ្ជាក់ថា ការផ្សាំសួត ជាវិធីសាស្ត្រមួយដែលប្រើលើអ្នកជំងឺ កូវីដ-១៩ធ្ងន់ធ្ងរ ព្រោះសួតរបស់ពួកគេភាគច្រើន មិនអាចដំណើរការដូចធម្មតា ឬរងការប៉ះពាល់ដោយវីរុស។ កាលពីខែមីនា ចិនបានប្រកាសជោគជ័យក្នុងការប្រើប្រាស់វិធីសាស្ត្រនេះលើអ្នកជំងឺរបស់ខ្លួន៕ដោយ៖ធីរីណា