ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសមគំនិតលួចរថយន្តនិងម៉ូតូក្រោយពីគេចខ្លួនបាន១៤ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវ ពិនិត្យកន្លែងកើតហេតុដែលជនសង្ស័យធ្វើសកម្មភាពលួចរថយន្តម៉ាក ឡិចស៊ីស RX-330 កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០៥:២០នាទី ទៀបភ្លឺនោះ ពេលនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតរថយន្តដែលបាត់នោះមកវិញ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺធ្វើឡើងនៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ ១៨០ ផ្លូវជាតិ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។ 

  លោកគួច សុភា អធិការរងនគរបាលខណ្ឌសែនសុខ ជាតំណាងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានឱ្យដឹងថា ក្រោយពីមានបទបញ្ជារបស់លោកអធិការខណ្ឌលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅពិនិត្យដល់កន្លែងកើតហេតុហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាពរហូតដល់កំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលជាអ្នកទទួលផលបានតែម្តង។

លោកអធិការរងខណ្ឌបានបន្តឱ្យដឹងទៀតថា៖ ជនសង្ស័យមានឈ្មោះ ឡា តា ហៅ តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួន ជាអ្នកសមគំនិត មានសារធាតុញៀន ) ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះ យ៉ាន ម៉េងហៃ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ០៥៧ ផ្លូវបេតុង ក្រុមទី១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ ៖ ១.ម៉ូតូចំនួន ០១គ្រឿង ម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HB-4710 ។ សម្ភារបន្សល់ទុក មាន១. រថយន្ត ចំនួន ០១គ្រឿង ម៉ាកឡិចស៊ីស RX-330 ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ 2AD-7263 ។ដោយឡែកលោកអធិការខណ្ឌក៏បានឱ្យដឹងដែរថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២០ ជនរងគ្រោះជាម្ចាស់រថយន្ត ម៉ាកឡិចស៊ីស និងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ឈ្មោះ យ៉ាន ម៉េងហៃ បានទុករថយន្តនិងម៉ូតូ នៅជាន់ផ្ទាល់ដីក្នុងផ្ទះស្នាក់នៅរបស់ខ្លួន ដោយចាក់សោទ្វារផ្ទះមុខក្រោយ និងយកចង្កោមកូនសោដាក់ថ្ពក់នៅនឹងកាំជណ្តើរឡើង ជនរងគ្រោះ បានឡើងទៅដេកក្នុងបន្ទប់ ០៣ ជាន់ទី១ជាមួយក្រុមគ្រួសារ លង់លក់ទៅ ។លុះ ដល់ទៀបភ្លឺ ឈានចូលថ្ងៃទី ៣ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះភ្ញាក់ពីដេកដើរចុះមកជាន់ក្រោម ស្រាប់តែឃើញទ្វារផ្ទះ ខាងមុខនិងទ្វារខាងក្រោយបើកចំហរដោយជនសង្ស័យបានដោះកញ្ចក់មួយប្រឡោះ និងធ្វើសកម្មភាពដោះ ឆ្កឹះបំផ្លាញមេសោដែលចាក់ជាប់ស្រយូវទ្វារ បានសម្រេច លួចយករថយន្ត និងម៉ូតូចេញពីផ្ទះជនរងគ្រោះ គេចខ្លួនបាត់ ។

បន្ទាប់មក ជនរង បានផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចយើង ចុះដល់ផ្ទះ(កើតហេតុ) ធ្វើការត្រួតពិនិត្យ និងទទួលពាក្យ បណ្តឹង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិិីតិវិធី ៕ ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖