ហ្វីលីពីនកំពុងរងការវាយប្រហារដោយកូវីដ១៩ បណ្តាលឲ្យមានអ្នកឆ្លង កើនឡើងជាង ១១ ៨០០នាក់ ក្នុងនោះអ្នកបាត់បង់ជីវិត ៧៩០នាក់ គិតត្រឹមថ្ងៃទី១៥ខែឧសភា។
ក្នុងពេលដែលពលរដ្ឋ កំពុងអនុវត្តវិធានការបិទប្រទេសរបស់រដ្ឋាភិបាលនោះ ខ្យល់ព្យុះកម្លាំងខ្លាំងស្រាប់តែបក់បោកចូលប្រទេសហ្វីលីពីន បង្ខំឲ្យពលរដ្ឋប្រហែល១៤ម៉ឺននាក់ត្រូវជម្លៀសខ្លួន ចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព។
សារព័ត៌មាន CAN នៅថ្ងៃទី១៥ខែឧសភា បានផ្សាយថា៖ ខ្យល់ព្យុះ Vongfong មានកម្លាំងខ្លាំងបក់បោកនៅតំបន់ខ្លះរបស់ប្រទេសនេះ បង្ខំឲ្យអាជ្ញាធរជម្លៀសប្រជាជនប្រហែល១៤១ ៧០០នាក់ ទៅរកទីកន្លែងមានសុវត្ថិភាព ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការជម្លៀសពលរដ្ឋទៅកាន់ទីកន្លែងសុវត្ថិភាពជួបការលំបាក ដោយភ័យខ្លាចឆ្លងកូវីដ ១៩ ។
ប៉ុន្តែយ៉ាងណា ត្រូវតែធ្វើឲ្យអស់ពីលទ្ធភាព និងពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ។ ខ្យល់ព្យុះ Vongfong នាំមកជាមួយភ្លៀងធ្លាក់ខ្លាំងបានមកដល់តំបន់មាត់សមុទ្រនៃកោះ Samar កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ដោយមានល្បឿនប្រហែល១១៥គីឡូម៉ែត្រក្នុងមួយម៉ោង ។
ហ្វីលីពីនជាប្រទេសងាយរងការវាយប្រហារដោយខ្យល់ព្យុះធំ។ ក្នុងមួយឆ្នាំៗ ប្រទេសនេះមានការវាយប្រហារដោយខ្យល់ព្យុះដល់ទៅ២០ដង។ កាលពីឆ្នាំ២០១៣ ព្យុះទីហ្វុង ហៃយ៉ាន ដែលបានសម្លាប់មនុស្សដល់ទៅ ជាង ៧.៣០០ នាក់ ៕ដោយ៖ធី រីណា