ព័ត៌មានទាន់ហេតុការណ៍៖

ថៃអនុម័តបន្ធូរបន្ថយការរឹតត្បិតដំណាក់កាលទីពីរដើម្បីដំណើរការសេដ្ឋកិច្ច

ចែករំលែក៖

ប្រទេសថៃ៖ រដ្ឋាភិបាលថៃបានចាប់ផ្តើមអនុម័តច្បាប់បន្ធូរបន្ថយដំណាក់កាលទីពីរក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ដែលចាប់ផ្តើមចូលជាធរមានថ្ងៃទី១៧ខែឧសភា ក្នុងគោលដៅជួយដល់សេដ្ឋកិច្ចប្រទេសជាតិដំណើរការឡើងវិញ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យគណៈកម្មការដោះស្រាយស្ថានភាពកូវីដ-១៩ ប្រទេសថៃ បានប្រកាសនៅថ្ងៃទី១៥ខែឧសភាថា ក្រុមហ៊ុន អាជីវកម្មមួយចំនួនត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ក្នុងនោះមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋានក្នុងផ្សារទំនើប អាងហែលទឹក…។ ប៉ុន្តែនៅក្នុងផ្សារទំនើបត្រូវតែបិទទ្វារនៅម៉ោង២០ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញមុនច្បាប់បម្រាមគោចរ។
ចំណែករោងភាពយន្ត រមណីយដ្ឋានកម្សាន្ត សង្វៀនប្រដាល់ ក្លិបហាត់ប្រាណ អាកាសយានដ្ឋាននៅតែបន្តបិទទ្វារដដែល ។
ចំណែកច្បាប់បម្រាមគោចរ ពេលយប់ នៅតែបន្តអនុវត្តដូចដើម ប៉ុន្តែនៅចុងខែឧសភានេះនឹងផ្តល់ពេលវេលាបន្ថែម១ម៉ោងទៀត គឺច្បាប់នឹងចូលជាធរមាននៅវេលាម៉ោង២៣ ដល់ម៉ោង ៤ទៀបភ្លឺ (បច្ចុប្បន្នចាប់ពីម៉ោង២២ ដល់ម៉ោង៤ទៀបភ្លឺ)។
សារព័ត៌មានTTXVN នៅថ្ងៃទី១៥ខែឧសភា បានផ្សាយថា រដ្ឋាភិបាលមាន៤ដំណាក់កាល បន្ធូរបន្ថយច្បាប់បិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩មានប្រសិទ្ធភាព។
នៅថ្ងៃទី១៥ខែឧសភានេះថៃរកឃើញអ្នកឆ្លងថ្មី៧នាក់ ជាពលករវិលត្រឡប់មកពីប៉ាគីស្ថាន។ ចំណែកអ្នកឆ្លងសរុបនៅថៃមាន៣.០២៥នាក់ និងអ្នកជាសះស្បើយមាន២.៨៥៤នាក់។ ជាមួយគ្នានោះក៏មានអ្នកស្លាប់១១៥នាក់ផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖