ព័ត៌មានទាន់ហេតុការណ៍៖

អណ្តូងទឹកចំនួន៤ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់

ចែករំលែក៖

ខេត្តប៉ៃលិន៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានប្រគល់អណ្តូងទឹកស្អាតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៤អណ្តូងបន្ថែមទៀតជូនដល់សហគមន៍ប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយកង្វះខាតទឹកស្អាតក្នុងឃុំចំនួន២ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកាគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងមានការចូលរួមពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អាជ្ញាធរស្រុក ឃុំ ភូមិ និងយុវជន ស.ស.យ.ក.យុវជនកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងប្រគល់អណ្តូងស្អាតចំនួន៤បន្ថែមទៀតជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានលេខរៀងទី២២, ២៣,២៤និងទី២៥ជូនដល់សហគមន៍ប្រជាពលរដ្ឋក្នុងភូមិអូរឈើក្រំ ភូមិអូររអិល ឃុំស្ទឹងកាច់ និងភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនសម្រាប់ប្រើប្រាស់ដោះស្រាយកង្វះខាតទឹកស្អាតក្នុងសហគមន៍មូលដ្ឋាន។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ  បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស:គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះស្រាយឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រីបណ្ឌិត បានធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងវីរុសកូវីដ-១៩ តាមរយៈស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ជាយថាហេតុដោយយើងទាំងអស់គ្នាមិនបានដឹងខ្លួនជាមុន។ 

លោកស្រីបណ្ឌិតបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ។ហាមមានការប្រមូលផ្តុំគ្នា ហើយពាក់ម៉ាស់ឬកន្សែងឲ្យបានត្រឹមត្រូវ នៅពេលចេញទៅក្រៅ រក្សាគម្លាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ។ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភក្តិរយ:ពេល១៤ថ្ងៃសិន ។ 

បើមានករណីសង្ស័យ ដូចជាផ្តាសាយ ហៀរសំបោរ មានកម្តៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ក ពិបាកដកដង្ហើមសូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ទំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការព្យាបាលជំងឺជូន។

សូមបញ្ជាក់ថា: សម្រាប់ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជូនអណ្តូងទឹកស្អាតដល់សហគមន៍ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅជនបទដាច់ស្រយាលទូទាំងខេត្តប៉ៃលិន មានចំនួន ៤៤អណ្តូង ដោយបានសាងសង់រួចរាល់ជាស្ថាពរ និងបានប្រគល់ជូនដល់សហគមន៍មកដល់ពេលនេះមានចំនួន ៩អណ្តូងផងដែរ៕

ដោយ៖ស សារ៉េត


ចែករំលែក៖