រដ្ឋាភិបាលអុីតាលីនៅថ្ងៃ ទី១៦ ខែឧសភា បានប្រកាសថា ចាប់ពីថ្ងៃទី៣ខែមិថុនាប្រទេសនេះនឹងអនុញ្ញាតឲ្យអ្នកទេសចរ នៅក្នុងតំបន់អឺរ៉ុបចូលមកក្នុងទឹកដីអុីតាលី ដោយមិនចាំបាច់កាត់ផ្តាច់១៤ថ្ងៃឡើយ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យនៅព្រំដែន។ សកម្មភាពខាងលើក្នុងគោលដៅដំណើរការសេដ្ឋកិច្ចពិសេសគឺវិស័យទេសចរណ៍។
នាយករដ្ឋមន្ត្រីអុីតាលី លោក Giuseppe Conte បានបញ្ជាឲ្យបិទប្រទេស តាំងពីដើមខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះដើម្បីទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩ ។ មកទល់ពេលនេះ កូវីដ-១៩ បានសម្លាប់ពលរដ្ឋអុីតាលីជាង ៣១ពាន់នាក់។ រដ្ឋាភិបាលអុីតាលី បានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ចំពោះអ្នកចូលមកពីក្រៅ។
ប៉ុន្តែនៅពេលនេះរដ្ឋាភិបាលបានសម្រេច លុបច្បាប់ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចំពោះអ្នកទេសចរមកកាន់អុីតាលី ចាប់ពីថ្ងៃទី៣ខែមិថុនា ។ មន្ត្រីអុីតាលីបានបញ្ជាក់ថា ចំណុចកំពូលនៃការឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះបានឆ្លងផុតហើយ។ ប៉ុន្តែរដ្ឋាភិបាលបានស្នើដល់ពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជាលើកទីពីរ ។
សារព័ត៌មានAFP នៅថ្ងៃ ទី១៦ ខែឧសភាបានផ្សាយថា រដ្ឋាភិបាលអុីតាលីក៏បានអនុញ្ញាតឲ្យ ភោជនីយដ្ឋាន បារ ហាងកាត់សក់ កែសម្ផស្ស… បើកទ្វារធ្វើអាជីវកម្មឡើងវិញនៅថ្ងៃទី១៨ខែឧសភា ។
គណកម្មការវិស័យទេសចរណ៍អឺរ៉ុប បានប្រកាសថា មានពលករធ្វើការក្នុងវិស័យទេសចរណ៍ដល់ទៅ១២លាននាក់ ហើយពលករ អាចបាត់បង់ការងារធ្វើដល់ទៅ៦,៤លាននាក់ ប្រសិនបើនៅតែបន្តបិទព្រំដែននោះ។
តាមសារព័ត៌មានរ៉យទ័រ វិស័យទេសចរណ៍នៅក្នុងសហគមន៍អឺរ៉ុប បានខាតបង់ប្រាក់ចំណូលចាប់ពី៨០ ដល់ ៩០ភាគរយក្នុងត្រីមាសទីមួយឆ្នាំ២០២០ នៅក្នុងរដូវក្តៅនេះអឺរ៉ុបត្រៀមបើកព្រំដែនអនុញ្ញាតឲ្យអ្នកទេសចរទៅកម្សាន្តឡើងវិញ៕ដោយ៖ធី រីណា