ភ្នំពេញ ៖ ដេីម្បីបញ្ជាក់ភាពត្រឹមត្រូវ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ មន្ត្រីក្រសួងសុខាភិបាលកម្ពុជាប្រកាសច្រានចោលទាំងស្រុងលេីករណីបុរសជនជាតិវៀតណាមមានវិជ្ជមានវីរុសកូវីដ-១៩ ចេញពីកម្ពុជា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីប្រកាសក្រសួងសុខាភិបាលដែលច្រានចោលព័ត៌មានមិនពិតបញ្ជាក់ថា ក្រសួងសូមច្រានចោលទាំងស្រុងនូវព័ត៌មានដែលបានចុះផ្សាយដោយកាសែតព័ត៌មានរបស់វៀតណាមឈ្មោះ Vietnam News ចុះផ្សាយនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្តីពីករណីជនជាតិវៀតណាមម្នាក់ដែលបានចាកចេញពីកម្ពុជាថាមានផ្ទុកវីរុសកូវីដ-១៩។
ករណីខាងលើនេះ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងក្រុមការងារចត្តាឡីស័កនៃមន្ទីរសុខាភិបាល និងអាជ្ញាធរនៃខេត្តសៀមរាប បានរុករកស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត និងជាបន្ទាន់ តែមិនមានឈ្មោះជនជាតិវៀតណាមដូចការចុះផ្សាយនៅក្នុង
កាសែតរបស់វៀតណាមនៅខេត្តសៀមរាបនោះទេ ហើយការលើកឡើងថា ជនជាតិវៀតណាមរូបនេះរស់នៅខេត្តសៀមរាបហើយមានវីរុសកូវីដ-១៩នោះ ក៏មិនមែនជាការពិតដែរ។ ម្យ៉ាងវិញទៀត តាមរយៈប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗក្នុងបណ្តាប្រទេសអាស៊ាន ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏មិនទទួលបាននូវព័ត៌មានផ្លូវការណាមួយ ស្តីអំពីករណីដូចការចុះផ្សាយនោះដែរ។ ដូច្នេះ បុគ្គលជនជាតិវៀតណាមរូបនេះ គឺឆ្លងនៅលើទឹកដីវៀតណាមតែ
ម្តង មិនមែននៅកម្ពុជាដូចការលើកឡើងនោះឡើយ។
គ្រប់ព័ត៌មានដែលក្រសួងទទួលបាន យើងតែងតែធ្វើការស្រាវជ្រាវ និងបានធ្វើការរុករកយ៉ាងហ្មត់ចត់ ហើយថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា សូមជម្រាប
ជូនថា យើងនៅតែមិនមានរកឃើញមានករណីវិជ្ជមានថ្មីណាមួយកើតមានឡើងនោះទេ។
ក្រសួងសូមវាយតម្លៃថា ដោយសារមិនមានឈ្មោះបុគ្គលនោះនៅកម្ពុជាដូចការលើកឡើង ការឆ្លងវីរុសកូវីដ-១៩របស់បុគ្គលជនជាតិវៀតណាមរូបនេះ គឺកើតមានឡើងនៅប្រទេសវៀតណាមតែម្តង។
ក្រសួងសូមអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដើម្បី
ជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។
ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការមានតម្លាភាពជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត ៕
សូមអានសេចក្តីប្រកាសច្រានចោលទាំងស្រុងដូចខាងក្រោមនេះ ៖