អាមេរិក៖ សារព័ត៌មាន Fox Business នៅថ្ងៃទី១៨ខែឧសភា បានផ្សាយថា៖ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មានព្រៀបទៅលើចិន ដោយកាលពីជាង ១០០ឆ្នាំមុន ទីក្រុងប៉េកាំង មិនទាន់ទូទាត់បំណុលសងដល់ទីក្រុងវ៉ាស៊ីនតោន ដែលមានទឹកប្រាក់សរុបដល់ទៅ១៦០០ពាន់លានដុល្លារ ។
តាមសារព័ត៌មាន Fox Business បានផ្សាយថា សមាគមន៍មូលបត្រអាមេរិក ABF មានទីតាំងនៅទីក្រុង Lewisburg រដ្ឋ Tennessee ជាអ្នកគ្រប់គ្រងប្រាក់បំណុល១៦០០ ពាន់លានដុល្លារ របស់ចិន ក្នុងនោះមានទាំង ដើម និងការប្រាក់។ ប្រភពនៃប្រាក់បំណុលនោះមានតាំងពីជាង១០០ឆ្នាំមុនមកម៉្លេះ។ នៅពេលនេះ ABF បានស្នើដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំជួយទារបំណុលពីចិន។
តាមការលើកឡើងរបស់ABF មូលបត្រខាងលើ ត្រូវបានរដ្ឋាភិបាលចិន បានលក់នៅឆ្នាំ១០១២ ដោយគិតជាមាស។ រដ្ឋាភិបាលចិនពេលនោះបានរសាត់ទៅកាន់កោះតៃវ៉ាន់ នៅឆ្នាំ១៩៤៩ ហើយគ្រប់គ្រងនៅទីនោះតែម្តងរហូតមកទល់សព្វថ្ងៃ។
ដោយសារតែចិនប្រកាសថា តៃវ៉ាន់ជាទឹកដីរបស់ចិន ដូច្នេះABF ត្រូវតែឲ្យរដ្ឋាភិបាលចិនជាអ្នកសងបំណុលទាំងនោះ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ៖ វាមិនមែនជារឿងងាយស្រួលដែលអាមេរិកទារបំណុលកាលពីជាង ១០០ឆ្នាំមុនពីចិននោះឡើយ។ ប៉ុន្តែដោយសារតែចិនរីកចំរើន ក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក និងមហាអំណាច យោធា លំដាប់ទី៣ អាចគំរាមកំហែងដល់មហាអំណាចទីមួយរបស់អាមេរិក ទើបអាមេរិក ខំរកចំណុចខ្សោយរបស់ចិនដើម្បីវាយប្រហារ ដាក់ទណ្ឌកម្ម ទៅលើប្រទេសចិនតែប៉ុណ្ណោះ ៕ដោយ៖ធី រីណា