ខេត្តបន្ទាយមានជ័យ ៖លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាជនសង្ស័យឈ្មោះផាត់ ភ័ណ្ឌ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយនៅរសៀលថ្ងៃទី២២ខែឧសភា នេះ ពីបទនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលការងារព្រំដែន បានឲ្យដឹងថា៖កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរចំនួន៤នាក់ ក្នុងនោះមានអ្នកនាំផ្លូវម្នាក់បានលួចឆ្លងដែនទៅទឹកដីថៃត្រង់ចំណុចអគារផារ៉ាម៉ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ដើម្បីទីមើលឥវ៉ាន់ក្នុងផ្សារឡុងក្លឿ ហើយពេលធ្វើដំណើរឆ្លងទៅនោះត្រូវទាហានថៃចាប់បានពលរដ្ឋខ្មែរចំនួន៣នាក់ ក្នុងភូមិសាស្ត្រទឹកដីថៃ ភូមិដុង្ញូ ឃុំប៉ារ៉ៃ ស្រុក អារញ្ញ ។ ដោយឡែកអ្នកនាំផ្លូវ បានព្យាយាមរត់គេចខ្លួន តែត្រូវទាហានថៃចាប់បាន ខណៈរត់ទៅទាក់នឹងបន្លាលួសបណ្តាលឲ្យរងរបួសត្រូវបានទាហានថៃបញ្ជូនទៅព្យាបាល ។
លោកស្នងការរង បានបញ្ជាក់ថា៖នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹក ទាហានថៃ បានធ្វើការប្រគល់ប្រជាពលរដ្ឋទាំង៣នាក់ និងអ្នកនាំផ្លូវ១នាក់ មកកម្ពុជាវិញ ។កម្លាំងនគរបាលយើងបានធ្វើការស្រាវជ្រាវ ដឹងថា៖មានឈ្មោះ ផាត់ ភ័ណ្ឌ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នកលួចនាំឆ្លងដែនដោយខុសច្បាប់ និងបានយកថ្លៃជូនផ្លូវពីប្រជាពលរដ្ឋទាំង៣នាក់នោះ ក្នុងម្នាក់ៗចំនួន ២,៥០០ បាត ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ដោយ÷ប្រាថ្នា