ខេត្តកណ្តាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញក្នុងការចង្អុលបង្ហាញពីទីតាំងដី ព្រំដី ហើយត្រូវផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្ដល់ឯកសារពាក់ព័ន្ធទាំងឡាយដែលក្រុមការងារត្រូវការ ដើម្បីប្រមូលទិន្នន័យទាំងនោះឲ្យបានគ្រប់គ្រាន់ តាមនីតិវិធីដែលបានកំណត់ជៀសវាងកុំឲ្យកើតមាននូវកំហុសឆ្គងណាមួយក្នុងការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានលឿន។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលបានធ្វើឡើងនៅស្រុកល្វាឯម កាលពីព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពី៥ភូមិ មានភូមិពាមតាឯក ភូមិព្រែកតាអុងទី១ ភូមិព្រែកតាអុងទី២ ភូមិព្រែកតាអុងទី៣ និងភូមិវាលធំ ក្នុងឃុំពាមឧកញ៉ាអុង ។
លោកបានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ជាមួយមន្ត្រីជំនាញគឺសំខាន់ខ្លាំងណាស់ គឺបានជំរុញឲ្យក្រុមការងារធ្វើការបានឆាប់រហ័សតាមការគ្រោងទុក និងឆាប់បានផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ) ជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស។
ក្នុងឱកាសនោះដែរ លោក យី យ៉េន អភិបាលរងស្រុកល្វាឯម បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិដីធ្លីគឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ ពីព្រោះនៅពេលដែលបងប្អូនមានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ធ្វើឲ្យដីធ្លីរបស់ប្អូនមានតម្លៃថ្លៃ ងាយស្រួលក្នុងការទិញលក់ អាចដាក់បញ្ចាំនៅតាមធនាគារបានងាយស្រួលនៅពេលចាំបាច់ ពិសេសធ្វើឲ្យកាត់បន្ថយនូវទំនាស់ព្រំដី និងអាចការពារដីរបស់បងប្អូនពីការរំលោភយកដីធ្លីដោយខុសច្បាប់ផងដែរ។
លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងត្រូវយកចិត្តទុកដាក់បំផុតជាមួយអាជ្ញាធរ និងក្រុមការងារមន្ត្រីជំនាញដើម្បីពន្លឿនក្នុងការវាស់វែង និងការប្រមូលទិន្នន័យនានា ដើម្បីចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស និងត្រឹមត្រូវ ដូច្នេះបងប្អូនត្រូវចូលរួមាជួយសងលុយឱ្យគេអស់មកផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្សេងទៀតឱ្យបានយល់ដឹង ត្រូវសហការ សម្រួលដល់អាជ្ញាធរ និងមន្ត្រីជំនាញ។ ចំពោះម្ចាស់ដីត្រូវនិយាយគ្នាឱ្យដាច់ស្រេចជាមួយនឹងព្រំដីរបស់អ្នកជិតខាង ត្រូវបោះបង្គោលឲ្យបានច្បាស់លាស់ ត្រូវចង្អុលបង្ហាញទីតាំងដីដោយផ្ទាល់ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធឲ្យបានច្បាស់លាស់ ដើម្បីសម្រួលឲ្យក្រុមការងារអាចអនុវត្តការងារបានរលូន និងជោគជ័យ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕ដោយ៖ ឆ ដា