ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី កែ ឡេង លាឈប់ពីអាជីព ដោយសារវ័យនិងសុខភាព

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីមិនអាចទ្រាំទ្រតទៅមុខទៀតបាន។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុក Cambodia SEA GAMES 2023 នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។
លោកស្រី កែ ឡេង បន្ថែមទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។ ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅហើយ ពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការហ្វឹកហាត់យូរម៉ោងក្នុង១ថ្ងៃៗ។

ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើន នៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីព កីឡាការិនីប៉េតង់ដ៏ឆ្នើមបំផុតរបស់កម្ពុជារូបនេះ អាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។
កន្លងមក វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុតែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈអន្តរជាតិម្តងៗ លោកស្រីសម្លឹងមើលគោលដៅ (ប៊ី) ដើម្បីវាយឲ្យចំគោលដៅ ហើយលោកស្រីតែងតែទទួលបានការកោតសរសើរពីមហាជនថា ម្ចាស់មេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះ វាយចំគោលដៅបានយ៉ាងល្អបំផុត ដោយមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់បំបែកកំណត់ត្រា គ្រប់គ្រងម្ចាស់មេដាយមាសពីការប្រកួតជើងឯកពិភពលោករហូតដល់៤សម័យកាល ជាប់ៗគ្នាបែបនេះឡើយ។
លោកស្រីបន្ថែមថា មកដល់ពេលនេះលោកស្រី មិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូល និងប៉េតង់កម្ពុជាណា ម្នាក់អាចស្នងដំណែង របស់លោកស្រីបាននៅឡើយទេ។
សូមរំលឹកថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា ពោលគឺចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ដែលភាពល្បីល្បាញនេះ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឲ្យកម្ពុជាទទួល សិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។
នៅក្នុងឋានៈជា ម្ចាស់ផ្ទះ ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ ដែលជាមេដាយមាសពិភពលោកជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី។ វិញ្ញាសាវាយយកពិន្ទុនារីនេះ ម្ចាស់មេដាយមាស កីឡាការិនី កែ ឡេង បានយកឈ្នះលើកីឡាការិនីប្រទេសឡាវ នៅវគ្គផ្តាច់ព្រ័ត្រ ដោយកីឡាការិនីឡាវបានត្រឹមមេដាយប្រាក់ រីឯម្ចាស់មេដាយសំរឹទ្ធ និងសំរឹទ្ធស្ទួនបានទៅលើកីឡាការិនីមីយ៉ាន់ម៉ា និង ចិន។ កីឡាការិនី កែ ឡេង ក៏បានជួយក្រុមយកឈ្នះមេដាយសំរឹទ្ធ១វិញ្ញាសាក្រុមដែរ គឺវិញ្ញាសា៣ទល់៣នាក់នារី មានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា។ ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ៕ហេង សូរិយា


ចែករំលែក៖