សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយនៅថ្ងៃសុក្រទី២៩ ខែឧសភានេះថា លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ ចាត់វិធានការលើក្រុមនិស្សិតចិនដែលកំពុងរៀននៅទឹកដីអាមេរិក ដើម្បីទប់ស្កាត់ការលួចព័ត៌មាននៅទឹកដីអាមេរិក ក្នុងការទប់ទល់ឥទ្ធិពលចិន។ដោយលោក ត្រាំ នឹងបញ្ចប់ទិដ្ឋាការនិស្សិតចិនដែលមកពីសាលាមានទំនាក់ទំនងជាកងទ័ពចិន ។ នេះបើតាមកាសែត The New York Times ផ្សាយថា រដ្ឋបាលលោក ត្រាំ ។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News នៅថ្ងៃទី២៩ ខែឧសភាលោក ម៉ៃ ប៉ុមប៉េអូ និយាយថា អាមេរិកនឹងមានចំណាត់ការដើម្បីបង្ការការលួចព័ត៌មានពីសំណាក់និស្សិតចិន។ តាមពិតទៅ នេះមិនមែនជារឿងថ្មីទេដែលជនជាតិចិននៅអាមេរិក ត្រូវបានចោទថា ធ្វើការឲ្យរដ្ឋាភិបាលប៉េកាំងក្នុងគោលដៅប្រមូលព័ត៌មានរសើបៗ។
ប្រមុខការទូតអាមេរិក អះអាងថា និស្សិតមិនគួរយកសាលារៀនអាមេរិកដើម្បីធ្វើចារកម្មឡើយ។ លោក ប៉ុមប៉េអូ ទទួលស្គាល់ថា នេះជាបញ្ហាប្រឈមមួយដែលលោក ត្រាំ នឹងមានវិធានការមិនខាន សំដៅធានាថា សិស្សចិនទៅអាមេរិកដើម្បីរៀន មិនមែនតំណាងឲ្យបក្សកុម្មុយនីស្តចិនឡើយ។
តាមការគ្រោងទុក លោក ត្រាំ នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៩ខែឧសភានេះលើបញ្ហាទាក់ទងចិនដែលប្រធានបទនិស្សិតចិននៅអាមេរិកនឹងត្រូវលើកឡើងផងដែរ។ មុនសន្និសីទសារព័ត៌មាននេះ កាសែតអាមេរិកThe New York Times ក៏ផ្សាយថា រដ្ឋបាលអាមេរិក ពិចារណាបណ្ដេញសិស្សចិនរាប់ពាន់នាក់ពីទឹកដីអាមេរិក តាមរយៈការបញ្ចប់ទិដ្ឋាការរបស់ពួកគេ។ និស្សិតដែលមកពីសាលារៀនមានទំនាក់ទំនងជាយោធាចិន គឺជាមុខសញ្ញារបស់អាមេរិក។
សូមជម្រាបថា ទំនាក់ទំនងរវាងមហាអំណាចលេខមួយ និងលេខពីររបស់ពិភពលោកហាក់កាន់តែល្អក់កករទៅៗ។ បន្ថែមពីបញ្ហាជំងឺCOVID-19 អាមេរិក និងចិនក៏កាន់តែមើលមុខគ្នាលែងសូវចំដោយសារបញ្ហានៅហុងកុងស្របពេលចិនត្រៀមអនុវត្តច្បាប់សន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសមួយនេះ។ ចុងក្រោយនេះ ជនជាតិចិនដែលកំពុងរៀនសូត្រនៅអាមេរិក ក៏ក្លាយជាមុខសញ្ញាមួយក្នុងយុទ្ធនាការរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ត្រាំ ដើម្បីដាក់សម្ពាធលើចិន។
យ៉ាងណាមិញ ការបណ្ដេញសិស្សចិនបែបនេះ ទំនងរងការប្រឆាំងពីបណ្ដាគ្រឹះស្ថានអប់រំអាមេរិក ព្រោះជនជាតិចិនជាប្រភពចំណូលដ៏ធំមួយរបស់សាលារៀនអាមេរិក ដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺCOVID-19 នោះ។ ប៉ុន្តែលោក ត្រាំ ដែលអះអាងថា លោកមិនសប្បាយចិត្តនឹងចិនលើរឿងរ៉ាវជាច្រើនមកនេះ ទំនងមិនខ្វល់ខ្វាយការព្រួយបារម្ភនេះឡើយ៕
ដោយ៖ស តារា