ភ្នំពេញ៖ នាទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ គ.ប.ផ.ក បានរៀបចំពិធី ប្រកាសសម្រួលភារកិច្ច ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិចំណុះ គ.ប.ផ.ក និងមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក និងមានការអញ្ជើញចូលរួម លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មកពីក្រសួងស្ថាប័ននានា និងសមាជិក សមាជិកានៃ គ.ប.ផ.ក វិស័យឯកជននានា រួមទាំងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃជាច្រើនរូបទៀត។
សមាសភាពប្រកាសសម្រួលភារកិច្ច ផ្ទេរភារកិច្ច តែងតាំងមុខតំណែងមានចំនួន ៣០រូប រួមមាន ៖ អនុប្រធាន គ.ប.ផ.ក១រូប ប្រធានលេខាធិការដ្ឋាន១រូប ប្រធានមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ១រូប អនុប្រធានលេខាធិការដ្ឋាន១៣រូប អនុប្រធានមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ១រូប ជំនួយការ៤រូប នាយរងការិយាល័យចំណុះលេខាធិការដ្ឋានចំនួន៩រូប និងការបំពាក់ឋានន្តរស័ក្តិចំនួន ៤០រូប ៖ ថ្នាក់ឧត្តមសេនីយ៍ឯក ១រូប ឧត្តមសេនីយ៍ទោ ១រូប ឧត្តមសេនីយ៍ត្រី ៦រូប វរសេនីយ៍ឯក៩រូប វរសេនីយ៍ទោ ៨រូប និងវរសេនីយ៍ត្រី ១៥រូប។
ក្នុងនោះ ក៏មានពិធីប្រគល់អនុក្រឹត្យសម្រួលភារកិច្ច ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន ៣រូប រួមមាន៖
១៖ ឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធិ ពីប្រធានលេខាការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
២៖ ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានឋានៈ និងបុព្វសិទ្ធិស្មើអគ្គនាយករង។
៣៖ វរសនីយ៍ទោបណ្ឌិតឱសថសាស្ត្រ ឯម វុឌ្ឍីន៍ ជាប្រធានមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ មានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន។
ក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋានថ្មី តំណាងមន្ត្រីនគរបាលជាតិ ដែលទើបទទួលបានការតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ បានឡើងថ្លែងមតិប្តេជ្ញាចិត្ត ដោយប្តេជ្ញាខិតខំបំពេញការងាររបស់ខ្លួនឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រេីការងារជូនអង្គភាព ក៏ដូចជាក្រសួងមហាផ្ទៃ និងដើម្បីបម្រើប្រជាជន និងជាតិមាតុភូមិស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានរំលឹកអំពី គ.ប.ផ.ក ចាប់បដិសធិទ្បើងពីក្រុមការងារមានចំនួនតែ៤រូប ហើយជាគម្រោងគាំទ្រដោយរដ្ឋាភិបាលបារំាង(FSP មេគង្គ) និងមានការពិចារណាយ៉ាងម៉ត់ចត់ល្អិតល្អន់បំផុតពី សម្តេច ក្រទ្បាហោម ស ខេង និងមានការគាំទ្រ ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពឲ្យបង្កើត គ.ប.ផ.ក នេះទ្បើង រហូតមកដល់បច្ចុប្បន្ននេះមន្ត្រី គ.ប.ផ.ក កើនជាបន្តបន្តាប់។ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បន្តលើកទ្បើងថាហេតុអ្វីការប្រយុទ្ធប្រឆាំងផលិតផលក្លែក្លាយមានសារៈសំខាន់? សូមក្រទ្បែកទៅមើលគ្រឿងញៀន មានមនុស្សមួយចំនួនគឺមានគំនិតប៉ងទៅប្រើប្រាស់វា ប៉ុន្តែផលិតផលក្លែងក្លាយដែលប៉ះពាល់សុខភាព គឺយើងមិនបានមានគំនិតប៉ងទៅរកវាទេ ដោយគិតថាវាមានគុណភាព និងសុវត្ថិភាពតែបែជាប៉ៈពាល់ដល់សុខភាពទៅវិញ។ ដូច្ចេះហើយ គ.ប.ផ.ក ផ្តោតការយកចិត្តទុកដាក់ទៅលើ សុខភាពសាធារណៈ សុខុមាលភាព និងសុវត្តិភាពសង្គម ។ ទន្ទឹមនឹងនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានបន្តលើកទ្បើងថា ក្នុងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ គ្មានស្ថាប័នណាមួយ ឬអង្គភាពណា មួយ ឬប្រទេសណាមួយ អាចអនុវត្តការងារនេះបានជោគជ័យតែឯកឯងទេ ទាល់តែមានកិច្ចសហការ គ្នាល្អទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក ទើបទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ។
នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីទើបទទួលការតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ក្នុងពិធីនេះ ក៏ដូចជាមន្ត្រីចំណុះ គ.ប.ផ.ក ទាំងអស់ថា តួនាទី និងឋានន្តរស័ក្តិកាន់តែខ្ពស់ការទទួលខុសត្រូវក៏កាន់តែខ្ពស់ ហេីយឋានន្តរស័ក្តិគ្រាន់តែជាវត្ថុបំពាក់ជាប់នឹងខ្លួនតែប៉ុណ្ណោះ ប៉ុន្តែតម្លៃនៃយសស័ក្តិពិតប្រាកដ គឺស្ថិតនៅលើទង្វើសកម្មភាពបំពេញការងារ ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ។
ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍សូមសំណូមពរដល់ លោក-លោកស្រី ជាអនុប្រធាន សមាជិក នៃ គ.ប.ផ.ក ទាំងអស់ សូមបន្តកិច្ចសហប្រតិបត្តិការ ដេីម្បីឈានទៅធ្វើឱ្យសង្គមកម្ពុជាអាចលុបបំបាត់នូវផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយជោគជ័យ ។
សូមបញ្ជាក់ផងដែរ ក្នុងពិធីនេះ គ.ប.ផ.ក ក៏មានការប្រគល់រថយន្តចំនួន៣គ្រឿង ជូនដល់លេខាធិការដ្ឋាន គ.ប.ផ.ក ផងដែរ៕ប្រភព៖ ទទក