ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី បានបន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកក្នុងដើមរដូវវស្សានេះ
មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និងប្រឡាយមេដូនទាវ នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតនៅក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង ។
ពេលអមដំណើរ លោក រដ្ឋមន្រ្តីចុះពិនិត្យនៅទីតាំងខាងលើ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមការងារបច្ចេកទេស បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីបច្ចុប្បន្នភាពវឌ្ឍនភាពនៃការសាងសាង់គម្រោងសំណង់ស្ទាក់ទឹកសាលាតាអននេះ ដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ហើយរហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៦៥% ។
សូមបញ្ជាក់ថា គោលបំណងនៃគម្រោងនោះគឺមាន ០៣ចំណុច ៖
១-ស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលចាត់ទុកជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០.៤០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា
២-ជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ទីរួមខេត្តបាត់ដំបង
៣-ជាសោភ័ណភាព និងទាក់ទាញសក្តនុពលទេសចរណ៌ដល់ក្រុងខេត្តបាត់ដំបង ។
គម្រោងនេះជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែន ដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕ដោយ៖សុខ ខេមរា