ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងគួរឱ្យសង្វេគ ហើយនគរបាលស្រុកភ្នំក្រវាញបានអះអាងថាបណ្ដាលមកពីធ្លាក់ពីលើច្រាំងស្ទឹង នៅគ្រាដែលជនរងគ្រោះបម្រុងដើរឆ្លងទឹកស្ទឹងក្នុងគោលបំណងទៅផ្ទះខណៈដែលនាងស្រវឹងស្រាផងនោះ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចច្រាំងស្ទឹងអន្លង់សង្កែ ស្ថិតក្នុងភូមិអន្លង់ប៉ែន ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពពីអាជ្ញាធរឃុំសំរោងក៍ដូចជានគរបាលស្រុកភ្នំក្រវាញបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ប៊ ទឿន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានខាងលើបន្តថា បន្ទាប់ពីសមត្ថកិច្ចនគរបាលទទួលព័ត៌មាននេះភ្លាម បានសហការគ្នាចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតទទួលបានលទ្ធផលថា ជនរងគ្រោះ(ប៊ ទឿន)បានធ្លាក់ពីលើច្រាំងស្ទឹងដែលមានកម្ពស់ប្រមាណ ៧ម៉ែត្រ ដោយមួយកំណាត់ខ្លួននៅលើគោកនិងមួយកំណាត់ទៀតនៅក្នុងទឹក ហើយការធ្លាក់នេះនៅគ្រាដែលគាត់ មានបំណងដើរចេញពីចម្ការបម្រុងឆ្លងស្ទឹងទៅផ្ទះទាំងខ្លួនស្រវឹងស្រាផងនោះ ប៉ុន្តែជាអកុសល់ក៍ជួបហេតុការណ៍បែបនេះទៅ ។
ប្រភពដដែលបន្តទៀតថា ករណីនេះបានឆ្លងយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន