ប្រទេសជប៉ុន៖ នៅថ្ងៃទី១ខែមិថុនា ជប៉ុន នឹងបើកទ្វារដំណើរការសេដ្ឋកិច្ចទាំងអស់ឡើងវិញ ក្រោយការផ្អាកជាច្រើនខែដោយកូវីដ១៩។ ប៉ុន្តែរដ្ឋាភិបាលបានឲ្យពលរដ្ឋអនុវត្តនៅវិធីសាស្ត្រការពារ ទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាលើកទីពីរ។
សាលារៀននៅប្រទេសជប៉ុន ក៏នឹងបើកទ្វារឡើងវិញនៅថ្ងៃទី១ ខែមិថុនា ផងដែរ ។ សកម្មភាពខាងលើកើតឡើង ក្រោយពេល នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ បានប្រកាសលុបច្បាប់គ្រាមានអាសន្ន។
ចំណែកហាងលក់ទំនិញ ក្រុមហ៊ុន និងបណ្តារទីតាំងកម្សាន្តនានា នឹងចាប់ផ្តើមបើកទ្វារនៅថ្ងៃទី១ខែមិថុនា ។
ទីក្រុងតូក្យូដែលជា តំបន់ដែលរងគ្រោះខ្លាំងជាងគេ នៅថ្ងៃទី១ខែមិថុនា ក៏នឹងបន្ធូរបន្ថយផងដែរ ។ នៅថ្ងៃទី៣០ខែឧសភានេះ ទីក្រុងតូក្យូរកឃើញអ្នកឆ្លងកូវីដ-១៩ តែ១៤នាក់ប៉ុណ្ណោះ គឺថយចុះជាងថ្ងៃទី២៩ដែលមានដល់ទៅ២២នាក់។កាលពីពាក់កណ្តាលខែមេសា ទីក្រុងតូក្យូរកឃើញអ្នកឆ្លងដល់ទៅ២០០នាក់ក្នុងមួយថ្ងៃ៕ដោយ៖ធី រីណា