ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានជនរងគ្រោះជួលឱ្យមកយាមដីចម្ការររបស់ខ្លួនបែរជាបែកគំនិតគាស់ទ្វារផ្ទះចូលលួចយកស្រាដែលមានតម្លៃថ្លៃចំនួន១០ដបបើគិតជាទឹកប្រាក់ចំនួន១.៤០០ដុល្លារ។ បន្ទាប់មកម្ចាស់ដីមកផ្ទះដឹងថាបាត់ស្រាក៏ហៅជនសង្ស័យមកសួរនាំទេីបដឹងថាជនសង្ស័យរូបនេះជាអ្នកលួចក៏ឃាត់ខ្លួនតែម្តង កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅផ្ទះក្នុងចម្ការ ភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្នោះ ជឿន ចាន់ធឿន ហៅ ឡឺម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញនិងបក្ខពួក២នាក់ទៀតកំពុងគេចខ្លួន។
ចំណែកជនរងគ្រោះមានឈ្មោះ ប៉េង គ្រុយ ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៩០ ផ្លូវលេខ៦៣ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារបាត់បង់រួមមាន ស្រាម៉ាកXO ចំនួន៤ដបនិងបាឡង់ទីនចំនួន៦ដប សរុបជាទឹកប្រាក់អស់ចំនួន១.៤០០ដុល្លារ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់បានស្នាក់នៅផ្ទះមួយទៀតនៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ហេីយបានយកស្រាដែលសម្រាប់លក់នោះយកមកទុកក្នុងផ្ទះនៅដីចម្ការខ្លះ។
ជនរងគ្រោះបានបន្តថា ដោយសារតែផ្ទះនៅដីចម្ការមិនមានអ្នកនៅមើលនោះទេីបជួលជនសង្ស័យខាងលេីមកឱ្យយាម ហេីយយូរៗគាត់មកលេងផ្ទះនៅដីចម្ការម្តង។
លុះមកដល់ថ្ងៃកេីតហេតុរូបគាត់និងប្រពន្ធក៏បានមកលេងនៅផ្ទះដីចម្ការ ពេលមកដល់ក៏ចូលក្នុងផ្ទះគាត់ឃេីញមានស្នាមដោះដំបូលក្បឿងនិងខូចគន្លឹះទ្វារថែមទាំងបាត់ស្រាដបថ្លៃៗចំនួន១០ដបទៀតផង ក្នុងនោះបាត់ស្រាម៉ាកXOចំនួន៤ដប និងបាឡង់ទីន៦ដប សរុបជាទឹកប្រាក់ចំនួន១.៤០០ដុល្លារ។
បន្ទាប់មកជនរងគ្រោះក៏បានហៅឈ្មោះ ជឿន ចាន់ធឿនហៅឡឺម ជាអ្នកចាំចម្ការ មកសួរនាំ ស្រាប់តែជនសង្ស័យសារភាពថាខ្លួនគេពិតជាលួចស្រានោះប្រាកដមែនដោយមានបក្ខពួកចំនួន២នាក់ទៀត ទើបគាត់ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ