ព័ត៌មានទាន់ហេតុការណ៍៖

សត្វឈ្លូសឈ្មោលជំទង់ដ៏ល្អមួយក្បាល ត្រូវបានលែងឱ្យត្រលប់ទៅទីជម្រកធម្មជាតិរបស់វាវិញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃនេះសត្វឈ្លូសឈ្មោលជំទង់ដ៏ល្អមួយក្បាល ត្រូវបានគេលែងឱ្យត្រលប់ទៅទីជម្រកធម្មជាតិរបស់វាវិញ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ការពារស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងការគាំទ្រដោយអង្គការWWF។ បន្ទាប់ពីគេបានពិនិត្យនិងវិភាគស្ថានភាពសុខភាពសត្វឈ្លូសនេះហើយ គេបានផ្តល់ការព្យាបាល និងថែរក្សាវាបានយ៉ាងសមស្របកាលពីក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះដើម្បីជួយសង្គ្រោះវាពីការចុះខ្សោយកម្លាំងខ្លាំងនិងការរងសម្ពាធដែលបណ្តាលឱ្យមានកម្រិតស្ត្រេសខ្ពស់ (myopathy)។ 

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ពលរដ្ឋសហគមន៍មូលដ្ឋានម្នាក់រស់នៅក្នុងស្រុកពូជ្រៃនៃខេត្តមណ្ឌលគិរី បានរាយការណ៍ជូនកម្លាំងអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តថាខ្លួនបានប្រទះឃើញសត្វឈ្លូសមួយក្បាលដែលទំនងជាឈឺ ឬរងរបួសនៅទីតាំងភូមិដែលមានព្រំប្រទល់ជាប់នឹងតំបន់ព្រៃធម្មជាតិ។ បន្ទាប់ពីបានចុះទៅដល់ទីតាំងផ្ទាល់ហើយបានទទួលយកសត្វឈ្លូសនោះពីអ្នករាយការណ៍ ហើយក្រុមអនុវត្តច្បាប់នៃមន្ទីរបរិស្ថាន និងបុគ្គលិកអង្គការ WWF បានពិនិត្យនិងធ្វើវិភាគបឋមភ្លាមៗដោយមានការចូលរួមជ្រោមជ្រែងយ៉ាងសកម្មពីអ្នកជំនាញពេទ្យសត្វមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទផងដែរ។ បន្ថែមពីលើនេះទៀត ក្រុមការងារក៏បានប្រឹក្សាយោបល់ វេជ្ជសាស្រ្តជាមួយអ្នកជំនាញមកពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះនិងក្រុមភ្នាក់ងារពេទ្យសត្វផ្សេងទៀតផងដែរ។ ជាលទ្ធផល ក្រុមអ្នកជំនាញបានសន្និដ្ឋានថាសត្វឈ្លូសមួយនេះខ្សោះជាតិទឹកខ្លាំងនិងមានកម្រិត ស្ត្រេសខ្ពស់ តែមិនមានរងរបួសអ្វីទេ។ ដូច្នេះក្រុមការងារបានផ្តល់អាហារនិងទឹកដល់វា ព្រមទាំងបានផ្តល់ការព្យាបាលចាំបាច់នានា និងការថែទាំបន្តជាប់ជាប្រចាំរហូតដល់អ្នកជំនាញបានបញ្ជាក់ថាសត្វឈ្លូសនេះមានសុខភាពប្រសើរឡើងវិញហើយ និងមានលទ្ធភាពអាចវិលត្រលប់ទៅក្នុងព្រៃវិញបាន៕


ចែករំលែក៖