ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា៖ “បេសកម្មនេះ ជាបេសកម្មដ៏លំបាកបំផុតរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ” ។
នគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបំបែកសំណុំរឿង ករណី ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ ចិនលើចិន នាថ្ងៃច័ន្ទ ៣រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លទ្ធផលការស្រាវជ្រាវស៊ើបអង្កេតបំបែក ករណី ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ ( បង្កដោយជនជាតិចិន និងជនជាតិចិន ) គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០នាទី រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ករណីនេះត្រូវបង្រ្កាបបានទាំងស្រុង ចាប់បានជនសង្ស័យចំនួន៤នាក់ និងបានរំដោះជនរងគ្រោះ ។
បើយោងតាមរបាយការណ៍របស់នគរបាល បានអោយដឹងថា៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី ការិយល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងពីឈ្មោះ Tang XinJue ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៤ និង១០នាទីទៀបភ្លឺ មិត្តភក្តិរបស់គាត់(ជនរងគ្រោះ)ឈ្មោះ Wang WenXing ភេទប្រុស ត្រូវបានក្រុមជនជាតិចិនមួយក្រុមចាប់យកទៅបង្ខាំងទុកនៅទីកន្លែងមួយ បន្ទាប់មកក្រុមជនសង្ស័យបានប្រើគណនីវីឆាតរបស់ជនរងគ្រោះឈ្មោះ Wang WenXing មកប្រពន្ធជនរងគ្រោះ ( នៅប្រទេសចិន ) ជំរិតទារប្រាក់ចំនួន ៥០០,០០០Yuan ( ហាសិបម៉ឺនយ័ន្ត ) ជាការដោះដូរជាមួយជនរងគ្រោះ បើមិនព្រមវេរលុយអោយទេ ពួកវានឹងសម្លាប់ចោល ។
សមត្ថកិច្ចបន្តថា៖ ករណីនេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការចង្អុលបង្ហាញអំពីរលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់និងសកម្ម ដើម្បីរំដោះជនរងគ្រោះ និងចាប់ជនសង្ស័យបាន ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២២ និង ៣០នាទី កម្លាំងសហការបានចាប់ជនសង្ស័យចំនួន ២នាក់ ភេទប្រុស ជនជាតិចិន នៅតាមបណ្តោយផ្លូវជាតិទីរួមខេត្តកំពង់ស្ពឺ ខណៈជិះរថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខៈ ភ្នំពេញ 2AN-4020 ហើយបានដកហូតយកវត្ថុតាងទូរស័ព្ទចំនួន ៣គ្រឿង ក្នុងនោះមានទូរស័ព្ទ១គ្រឿង ជារបស់ជនរងគ្រោះ និងស៊ីមកាត ចំនួន២ ( មធ្យោបាយជំរិតទារប្រាក់ )។
បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលខេត្ត និងកំលាំងអន្តរាគមន៌ ពិសេស បន្តធ្វើការស្រាវជ្រាវរំដោះជនរងគ្រោះទាំងយប់ ក្នុងស្ថានភាពស្រាត ដៃទាំងសងខាងមានជាប់ខ្សែស៊ីល និងកមានខ្សែចងជាប់ខ្លួន នៅចំណុចពយថ្មយក្ស (ក្នុងព្រៃជាប់មាត់សមុទ្រ) ឃ្លាតពីផ្លូវសម្តេចសង្ឃ២គីឡូម៉ែត្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែជនសង្ស័យ(ដែលយាមជនរងគ្រោះ) បានដឹងខ្លួនមុន រួចរត់ចូលក្នុងព្រៃជ្រៅ ខណៈនោះមេឃកំពុងភ្លៀងខ្លាំង តែកម្លាំងនៅតែបន្តរុករកយ៉ាងសកម្ម ។ រហូតដល់រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង០០នាទី ទើបយើងចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ទៀតកំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ នៅចំណុចពយថ្មយក្ស ។
-ជនរងគ្រោះឈ្មោះ Wang WenXing ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តហ៊ូណាន ប្រទេសចិន មុខរបរ រកស៊ី កាន់លិខិតឆ្លងដែនលេខៈ EA5813992 មានទីលំនៅភូមិ ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
-ជនសង្ស័យចំនួន ៤នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ Wei ShunCheng ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តសានស៊ី ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។
២.ឈ្មោះ Teng JiaLiang ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តGuang Xi ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។
៣.ឈ្មោះ Song XiaLing ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តអានហ៊ួយ ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។
៤.ឈ្មោះ Zhang YiBo ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តហ៊ឺណាន ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។
រួមទាំងវត្ថុតាងមួយចំនួន ព្រមទាំងរថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខៈ ភ្នំពេញ 2AN-4020 (មធ្យោបាយចាប់ជនរងគ្រោះ) ។
ករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនិវិធី បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ។ (ក្រុមនេះជាក្រុមជំនាញ ខាងធ្វើសកម្មភាព ប្លន់ និង ចាប់ជំរឹត ទារប្រាក់) ៕ស សម