ព័ត៌មានទាន់ហេតុការណ៍៖

បោះបង់មារយាទអន់នេះចោលទៅ អ្នកហូបហើយ បោះប៉ាតណាប៉ាតណី អីចឹងមិនសមភ្នែកអ្នកទេ..!

ចែករំលែក៖

ភ្នំពេញ៖ នៅរមណីដ្ឋាន នៃឧទ្យានជាតិគីរីរម្យ មានទឹកជ្រោះ ទឹកហូរតាមជ្រលងថ្ម ត្រជាក់ គួរអោយចាប់ចិត្ត ជាមួយសម្រស់ធម្មជាតិព្រៃភ្នំ នារដូងភ្លៀងធ្លាក់ ចេញត្រួច ស្លឹកខៀវខ្ចី ពិសេសដើមស្រល់វែងៗ ខ្ពស់សន្លឹម គយគន់មិនជិនណាទេ ដោយក្រសែភ្នែក។
សម្រស់ធម្មជាតិ បរិយាកាសនៅទីនោះ បានធ្វើឱ្យយើងផ្លាស់ប្តូរនូវភាពតានតឹងក្នុងអារម្មណ៍ មកជាជ្រះថ្លាស្រស់បស់ សុខភាពផ្លូវចិត្ត រកទីបំផុតគ្មាន។
ជនរួមជាតិ មិនត្រឹមតែ ទៅហើយ ទៅទៀត មិនគិតឆ្ងាយជិតនោះឡើយ គឺភាគច្រើនលើសលប់ ស្រឡាញ់បរិស្ថាន ចេះរក្សាអនាម័យ រក្សាសណ្តាប់ធ្នាប់ ការទុកដាក់សម្រាមមានរបៀបរៀបរយ តាមធុងដែលមន្ត្រីបរិស្ថានរៀបចំ តាមទីកន្លែងនៃតំបន់កម្សាន្ត។ ផ្ទុយទៅវិញនៅមាន បុគ្គលមួយចំនួនតូច មិនដឹងថាគាត់ មារយាទអន់ ឬមិនចេះស្រឡាញ់ខ្លួនឯង ឬយ៉ាងណានោះទេ ពួកគាត់មកកម្សាន្តទទួលទានអាហារហើយ ទុក សម្រាម ឱ្យនៅរប៉ាត់រប៉ាយ លើដី លើស្មៅ ឃើញសែនពិបាកបើកភ្នែកមើលបំផុត ហើយមិននឹកស្មានដល់ថា នៅមានបុគ្គលដ៏កគ្រិចបែបហ្នឹងឡើយ។
ជាក់ស្តែង នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ នាចុងសប្តាហ៍ អ្នកទៅកម្សាន្តនៅ ឧទ្យានជាតិគីរីរម្យ ហួសចិត្ត និងអ្នកគ្មានមារយាទ ហូបហើយងើបយកតែម៉ាខ្លួន បន្សល់ទុកនូវ គំនរសម្រាមពេញដី លើស្មៅ ដើម្បីឱ្យមន្ត្រីបរិស្ថាន មានការធ្វើទាំងព្រឹក ក្នុងថ្ងៃបន្ទាប់។
តាមរយៈទង្វើនេះដែរ មន្ត្រីបរិស្ថាន ដែលដើររើសសម្រាមស្ទើរវិលមុខ បានបង្ហោះសារលើ Facebook ខ្លួនយ៉ាងដូច្នេះថា៖ «សួស្ដីព្រឹកថ្ងៃច័ន្ទសូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួនដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថាសំរាមដែលបងប្អូនយកមកពួកខ្ញុំរើសមិនចេះអស់ទេ»…!
តាមពិតទៅ មិនគួរណាបុគ្គលខ្លះ ខ្វះឧត្តមគតិ គ្មានគិតដល់ការស្រឡាញ់បរិស្ថានស្អាតជុំវិញខ្លួនឯងអីចឹងសោះ ។
ជុំវិញករណីនេះ បើបងប្អូនណា គាត់មកកម្សាន្ត ហើយមកអង្គុយទទួលទានអាហារនៅទីតាំងនោះ បានឃើញពីទង្វើខ្លួនបន្សល់ទុកនេះ មេត្តា ..(បោះបង់មារយាទអន់នេះចោលទៅ អ្នកញាំហើយ បោះប៉ាតណាប៉ាតណី អីចឹងមិនសមភ្នែកអ្នកទេ..!)…៕

ដោយ៖សុខ ខេមរា


ចែករំលែក៖