ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោ៥និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បង្កឡើងដោយរថយន្ត១គ្រឿង បើកបុកអ្នកជិះកង់ហាត់ប្រាណ ដែលមាន ទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
មន្រ្តីនគរបាលចរាចរបានឲ្យដឹងថា រថយន្តបង្កម៉ាក សាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ ២AT:៦១៧៨ ដឹកផ្សិតប៉ក់ ហើយក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ រីឯជនរងគ្រោះ ជិះកង់ហាត់ប្រាណឈ្មោះ ភឹម សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះកង់ហាត់ប្រាណ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តសាំយ៉ុងមួយគ្រឿងខាងលើ បើកមកពីក្រោយក៏ជ្រុលទៅបុកកង់ជនរងគ្រោះ បណ្ដាលឲ្យដួលរងរបួសធ្ងន់តែម្តង។
ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ពេលក្រោយ ៕ដោយ៖ ប្រាថ្នា