ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាដើរទាក់ទទា ជាន់គ្រាប់មីនផ្ទុះស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង:  នៅវេលាម៉ោង ៩និង៣០នាទីព្រឹក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានប្រជាពលរដ្ឋចំនួន ២នាក់ ដើរជាន់មីនប្រភេទ69 បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសម្នាក់ក្នុងពេលដើរដាក់អន្ទាក់ទទា ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ១/ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ ៦៣ឆ្នាំ(ស្លាប់)។២/ឈ្មោះ ធាង ធួន ភេទប្រុស អាយុ ១៨ឆ្នាំ (របួសធ្ងន់)។

អ្នកទាំងពីរជាប្រជាពលរដ្ឋរស់នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បានមកស៊ីឈ្នួលដាំដំឡូង នៅក្បែរចំណុចកើតហេតុខាងលើ ហើយពេលទំនេរនាំគ្នាដើរទាក់ទទាក៏ជាន់មីនប្រភេទ69 ដែលបន្សល់ទុកពីសម័យសង្រ្គាមផ្ទុះតែម្តង ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវកម្លាំងជំនាញធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់។

រីឯអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកមោងឬស្សីដើម្បីព្យាបាលរបួសភ្លាមៗផងដែរ៕ដោយ៖ប្រាថ្នា


ចែករំលែក៖