ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់របួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករំដួលនិងស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា នៅវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវលំស្ថិតក្នុងភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួលមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិឹងម៉ូតូដែលបើកបរបញ្ច្រាសទិសគ្នា ក្នុងនោះមានឈ្មោះ គល់ ហាស់ អាយុ១៩ឆ្នាំ រស់នៅ ភូមិអំពិល ឃុំម៉ឺនជ័យនិងអ្នករួមដំណើរឈ្មោះ ខាន់ សុខ អាយុ ២៤ឆ្នាំ រស់នៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ

ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅក្នុងទិសដៅពីជើងមកត្បូងក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥បើកបរដោយឈ្មោះ នង ចន្ថា អាយុ ២០ឆ្នាំ រស់នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងបណ្ដាលឱ្យរងរបួសធ្ងន់-ស្រាល៣នាក់។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រាលក្រួសក្រហមក្នុងភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅស្រុករមាសហែកមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ១W-០០៣៥ បើកបរដោយឈ្មោះ ជ័យ ចន្ថា អាយុ២៧ឆ្នាំ រស់នៅភូមិម្រះព្រៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ក្នុងទិសដៅពីលិចមកកើតក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ក្រហមគ្មានស្លាកលេខដែលបើកបញ្រាសទិសគ្នា បើកបរដោយឈ្មោះហែម ស៊ីថា អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក បណ្ដាលឱ្យរងរបួសធ្ងន់ទាំង២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។

មូលហេតុដោយសារតែម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វាបើកបរមិនប្រកាន់ស្តាំទើបជួបគ្រោះថ្នាក់ខាងលើនេះ៕ យឹម សុថាន


ចែករំលែក៖