ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ នៅគ្រាដែលក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូលសំយាបផ្ទះ គេខណៈជនរងគ្រោះកំពុងបំពេញការងារ ។
ហេតុការណ៍គ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បុរសម្នាក់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចសំយាបផ្ទះអ្នកភូមិដែលកំពុងសាងសង់ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានប្រាប់ថា ជនរងគ្រោះឈ្មោះ ហ៊ុន គឹមហឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ២នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានខាងលើបន្តថា មុនកើតហេតុគេឃើញជនរងគ្រោះឡើងផ្សារដែកធ្វើដំបូលសំយាបផ្ទះឲ្យគេ ។ពេលនោះជនរងគ្រោះបានកាត់ ដែកនិងអូសដែកប៉ះចំខ្សែភ្លើងមានតំណបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់មកក្រោមដល់ដី។ ភ្លាមៗនោះសាច់ញាតិ និងក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពស្វាយស ជនរងគ្រោះក៏ស្លាប់បាត់ទៅ។
ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់មនុស្សបណ្ដាលឲ្យស្លាប់នេះ សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវត្រឹមត្រូវ មុនប្រគល់សពជូនក្រុមគ្រួសារ ដើម្បីទទួលយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន