ព័ត៌មានទាន់ហេតុការណ៍៖

តារាប្រុសជាច្រើនរូបចូលរួមហាត់ល្ខោនខោល ដើម្បីត្រៀមចូលរួម ព្រឹត្តិការណ៍ល្ខោនខោល​ដ៏អស្ចារ្យ២០២០

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះសិល្បករល្បីឈ្មោះប្រមាណ២០នាក់បានបង្ហាញវត្តមាននៅបរិវេនស្តាត​ចាស់ដើម្បីត្រៀមចូលរួមសម្តែងព្រឹត្តិការណ៍ល្ខោនខោលដ៏អស្ចារ្យ២០២០។
តារាប្រុសល្បីៗទាំងនោះមានដូចជា តារាសម្តែង លោក អ៊ុន សិទ្ធា តារាសម្តែង លោក នូ ឧសភា តារាចម្រៀង លោក យុទ្ធ និស្ស័យ តារាចម្រៀងរ៉េប លោក នេន ទុំ តារាចម្រៀង​លោក សយ រតនៈ តារាសម្តែងលោក សន ពិសិដ្ឋ ជាដើម។

ព្រឹត្តិការណ៍ល្ខោនខោល២០២០ គ្រោងរៀបចំឡើង ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ល្ខោនខោល និងអបអរការដាក់​បញ្ចូលល្ខោនខោលជាសម្បតិ្តបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។

ការសម្តែងក្នុងសណ្ឋាន​មួយដ៏ធំពិសេសបំផុត តាំងពីភ្លើងពណ៌ ឆាក និងការរៀបចំឆាកយ៉ាងស្រស់ស្អាត។ ទោះជា​យ៉ាង​ណាតាមការបញ្ជាក់ពីលោក ស៊ុប សក្ខរា អ្នករៀបចំព្រឹត្តិការណ៍នេះ ព្រឹត្តិការណ៍ល្ខោន​ខោល២០២០ ត្រូវលើកពេលក្នុងការប្រារព្ធពិធី តែកាលបរិច្ឆេទជាក់លាក់នៃការផ្លាស់ប្តូរ លោក និងក្រុមការងារនឹងជម្រាបជូនតាមក្រោយ។

ជាមួយគ្នានេះ លោកបានលើកឡើងពី​បញ្ហាថវិកា​ក្នុងការរៀបចំព្រឹត្តិការណ៍ល្ខោនខោល២០២០នេះផងដែរ ដោយតាមការគ្រោងព្រឹត្តិការណ៍​ដ៏មហោឡារិកនេះ ត្រូវការថវិកាចំណាយរហូតដល់ជាង១ពាន់លានរៀល ប៉ុន្តែចាប់តាំងពី​ប្រកាស​ដាក់ហិបមូលនិធិតាមទីតាំងផ្សេងៗគ្នារួចមក រហូតដល់ពេលនេះ ថវិកាដែលទទួល​បាន​មានជាង៦០លានរៀលប៉ុណ្ណោះ ដែលត្រូវការការជួយបន្ថែមទៀត។

សិល្បករដែលបានចូលរួមហ្វឹកហាត់បាន រៀបរាប់ឲ្យដឹងស្រដៀងគ្នាថា គោលបំណង​ចម្បងដែលលោកចូលរួមហាត់ល្ខោនខោលនេះ ដោយសារលោកចង់កែនប្រជាជនខ្មែរឲ្យចូល​រួមស្រលាញ់ល្ខោនខោល និងបញ្ជូលកូនឲ្យមកហ្វឹកហាត់ល្ខោនខោល ដើម្បីឲ្យស្គាល់ល្ខោន​ខោល​ជា​របស់ខ្មែរ ល្ខោនខោល ជាព្រលឹងរបស់ប្រទេសកម្ពុជា។ប្រភពថាពួកគេហាក់មាន​អារម្មណ៍ថា ដូចមានអ្វីចម្លែកម៉្យាងព្រឺសម្បុពេលគ្រងឈុតល្ខោនខោលហើយ ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖