ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តអូឌីក្នុងល្បឿនលឿនទាំងបំពានភ្លេីងស្តុបជ្រុលទៅបុករថយន្តហាយឡេនឌ័រពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហេីយរថយន្តហាយឡេនឌ័រជ្រុលទៅបុកស្លាកតម្លៃប្រេងរបស់ស្ថានីយប្រេងឥន្ធនៈសូគីមុិចរងការខូចខាតថែមទៀត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្តុបទេពផន តាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2Y-0603 បេីកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុដោយសារតែភ្លើងស្តុបពណ៌ខៀវទេីបគាត់បន្តដំណេីរទៅមុខទៀត តែពេលបើកមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-3811 តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំពីចំហៀងផ្នែកខាងស្តាំនៃរថយន្តហាយឡេនឌ័រពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះរថយន្តហាយឡេនឌ័រក៏ជ្រុលទៅបុកស្លាកយីហោតម្លៃប្រេងរបស់ស្ថានីយប្រេងសូគីមុិច
បណ្តាលឱ្យរងការខូចខាតថែមទៀត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយទាក់ទងជំនាញចុះមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ ៖សុខាសែនជ័យ