ព័ត៌មានទាន់ហេតុការណ៍៖

សាលារាជធានីភ្នំពេញ ចុះបូមលូ និងបាញ់ទឹកលាងសម្អាតមាត់លូដែលមានសំរាម និងដីភក់បង្កការកកស្ទះលូ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តដឹកនាំកម្លាំងចុះធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូពីតូចមកធំ នៅតាមមហាវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដើម្បីបង្ហូរទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗ តែងតែលិចផ្លូវមួយចំនួនហើយកន្លងមកធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរដូច្នេះសាលារាជធានី ក៏បានបន្តសកម្មភាពមួយផ្នែកទៀត គឺបូមលូ និងបាញ់ទឹកលាងសម្អាត មាត់លូដែលមានសំរាម និងដីភក់បង្កការស្ទះលូ ដើម្បីបង្ហូរទឹកឲ្យបានលឿនជាងមុន ថែមទាំងលើកសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ

ជាក់ស្ដែងនៅព្រឹកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ បានឲ្យកម្លាំងចុះបូម និងបាញ់លាងសម្អាតមាត់លូ និងប្រព័ន្ធលូដែលមានការកកស្ទះទៅដោយសំរាមនិងដីភក់ជាដើម នៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុច ផ្លូវលេខ២៦៥ ដល់ចំណុចស្ដុបដេអ៉ិន(ផ្លូវលេខ២១៥) និងតាមបណ្ដោយមហាវិថី ហ្សាវ៉ាហារឡានេរុហ៍ (ផ្លូវលេខ២១៥) ចាប់ពីចំណុចស្តុបដេអ៉ិន រហូតដល់ផ្លូវលេខ២៣០ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីបង្ហូរទឹកបានលឿនជាងមុន

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានបន្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជរាធានីភ្នំពេញ ជាជំហានទី៤ហិរញ្ញប្បទានឥតសំណងពីប្រជាជនជប៉ុនជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រួមនឹងការដាក់បណ្តាញលូមេ មានជាច្រើនគម្រោងមកហើយដូចជា៖ ផ្លូវលេខ៣១៥ផ្លូវលេខ៤៧ ផ្លូវលេខ៥៩២ ដើម្បីដោះស្រាយទឹកលិចពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ បង្ហូរទឹកទាន់ពេលវេលា

បន្ថែមពីនេះទៅទៀតរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅ នៅជាប់ដងផ្លូវ ជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូ នៅចំពីមុខផ្ទះរបស់បងប្អូនប្រជាពលរដ្ឋសូមបងប្អូនមេត្តាជួយយោគយល់នៅការកកស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគំរបលូ នៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំង និងសូមជួយសំអាតដើម្បីកុំឲ្យមានសំរាមហូរ ចូលដល់មាត់លូនោះ អាចបង្កឲ្យមានការកកស្ទះ៕

ដោយ៖ អឿន ភារ៉ា


ចែករំលែក៖