ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ បច្ចុប្បន្នកំណើនប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារ នៅរាជធានីភ្នំពេញ ប្រមាណ ជាង៣លាននាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ បានមានប្រសាសន៍ថា កំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណជាង ៣លាននាក់ បច្ចុប្បន្ននេះ

លោក ឃួង ស្រេង បានឲ្យដឹងទៀតថា ចំណែកឯស្ថិតិយានយន្តគ្រប់ប្រភេទដែលបានចុះបញ្ជីនៅសាលារាជធានីភ្នំពេញ គឺមានរថយន្តចំនួន៥៣ ម៉ឺនគ្រឿង ទោចក្រយានយន្ត និងត្រីចក្រ យានយន្ត មានចំនួន , លានគ្រឿងរួមនិងយានយន្តឆ្លងកាត់ សរុបមានចំនួនប្រមាណ៣លានគ្រឿងហើយ

លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិសង្កាត់ មានសុវត្ថិភាព» ដោយរក្សាបាន សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន៨៣៨/,០៤៦លើក ថយចុះ២០៨លើក ស្មើនឹង ២០ភាគ។ ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្រ្កាបបទល្មើសទាំងនេះ សរុបចំនួន៧៤៩ករណី ស្មើនឹង៨៩,៣៧% នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើស កាន់តែមានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងស្ដារឡើងវិញប្រឡាយមេនាំទឹកស្ទឹងមានជ័យ និងគោលការណ៍ប្រទានកម្មរបស់ សម្ដេចតេជោ ហ៊ុន សែនសម្រាប់ដោះស្រាយបញ្ហាសំណង់មិនរៀបរយលើផ្ទៃប្រឡាយ និងអភិវឌ្ឍលំនៅឋាន នៅនឹងកន្លែងជូនប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ស្ទឹងមានជ័យ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ផ្អែកតាមគោលនយោបាយប្រទានកម្មរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួនសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញបានថយចុះពី ៣៣៥សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ១៥១សហគមន៍ ក្នុងឆ្នាំ២០២០ ដែលមានមូលដ្ឋានក្នុងសង្កាត់ចំនួន៤៥នៃខណ្ឌចំនួន ១៣ (លើកលែងខណ្ឌ៧មករា ដែលសហគមន៍បុរីកីឡា ត្រូវបានលុបចេញពីបញ្ជីសហគមន៍ក្រីក្រ ក្នុងឆ្នាំ២០១៤) សរុបមានខ្នងផ្ទះចំនួន ១២,៨៧៦ ខ្នង ស្មើនឹង១៣,៩៦៣គ្រួសារ និងមានប្រជាពលរដ្ឋសរុប៦១,៧១៥នាក់ តែប៉ុណ្ណោះ។ ជារួមមកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រទានកម្មសរុបបានចំនួន២៩ទីតាំង លើផ្ទៃដីទំហំ ៨២ហិចតា ដោយបានប្រគល់ដីធ្លីជូនប្រជា ពលរដ្ឋប្រមាណ១៨,០០០គ្រួសារ និងបានបិទបញ្ចប់ទាំងស្រុងសំណុំរឿងទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយ រយៈពេលជាច្រើនឆ្នាំក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ និងសហគមន៍បុរីកីឡា ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិលំនៅឋាន និងគោលការណ៍មនុស្សធម៌ ព្រមទាំងកំពុងឈានទៅបន្តដោះស្រាយបញ្ចប់បញ្ហាតំបន់អភិវឌ្ឍន៍ឫស្សីកែវ,តំបន់អភិវឌ្ឍន៍បឹងទំពន់ជើងឯក, តំបន់អតីតផ្លូវដែក, តំបន់ស្ថានីយ៍បូមទឹកទួលគោក, តំបន់ស្ថានីយ៍ស្ដុកទឹកបឹងត្របែក និងពិនិត្យរៀបចំតំបន់មិនរៀបរយមួយចំនួនទៀត។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានពង្រឹងសមត្ថភាពផ្ដល់សេវារបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយបានរៀបចំកែសម្រួលខ្សែរត់ពី ៣ខ្សែ រហូតដល់ចំនួន១៣ខ្សែ ដោយប្រើប្រាស់រថយន្តក្រុងចំនួន២៣៥គ្រឿង ហើយជាបណ្ដើរៗ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែមានការគាំទ្រ និងនិយមប្រើប្រាស់សេវានេះ ក្នុងនោះ ជាមធ្យមមានប្រជាពលរដ្ឋ ៣ម៉ឺននាក់ បានប្រើប្រាស់សេវារថយន្តក្រុង ជារៀងរាល់ថ្ងៃ ប៉ុន្តែសេវានេះបានផ្អាកដំណើរការ ជាបណ្ដោះអាសន្ន កាលពីចុងខែមីនាឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលការចម្លងវីរុសកូវីដ១៩៕ដោយ៖សំរិត


ចែករំលែក៖