ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀននៅខេត្តព្រះសីហនុ បាន៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានមេក្លោងចែកចាយគ្រឿងញៀននៅខេត្តព្រះសីហនុ ចំនួន៣នាក់ និងចាប់យកថ្នាំញៀនមួយចំនួនធំ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ៖ ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ក្រោយបង្ក្រាបបានកាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ នៅចំណុចក្រុមទី០៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ទៀតថា៖ ជនសង្ស័យទី១៖ឈ្មោះ ចាន់ សារ៉េត ហៅនី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅក្រុមទី៤ ភូមិ៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។

ទី២៖ឈ្មោះ ង៉ែត ចន្ថា ហៅឆ្អឹង អាយុ៣៤ឆ្នាំ និងទី៣៖ឈ្មោះ ឈឹត ប៉ុនហេង ហៅគុយហេង អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ថ្នាំគ្រាប់ប្រភេទក្រវី ចំនួន១៦បន្ទះ (បន្ទះពណ៌ក្រហម) ១៦០គ្រាប់, ថ្នាំគ្រាប់ ក្រវីពណ៌បៃតង ចំនួន០៧គ្រាប់, ថ្នាំគ្រាប់ ក្រវីពណ៌ដីឥដ្ឋ ចំនួន៣៧គ្រាប់, ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង និងថង់វិចខ្ចប់មួយចំនួន។ នេះបើតាមការលម្អិតពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

ដោយ៖សិលា


ចែករំលែក៖