ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ២៣មិថុនានេះមានមនុស្សស្លាប់៤នាក់/ស្រី២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន១,១៤៩គ្រឿង ក្នុងនោះមានម៉ូតូ៨០៦គ្រឿង ។ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សូមបញ្ជាក់ថា៖ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ជិះបញ្ច្រាស់ ដឹកលើសទម្ងន់ មិនគោរពសិទ្ធិ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនបើកលើសល្បឿន អត់បណ្ណបើកបរ អត់ពាក់ខ្សែក្រវាត់ ល្មើសសញ្ញា ដឹកលើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ ជាដើម។

លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវភាគច្រើន ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមជម្រាបថា សម្រាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន៧លើក/ពេលយប់ ៤លើក បានបណ្តាលឱ្យមនុស្សស្លាប់៤នាក់/ស្រី២នាក់ (បើកបរលើសល្បឿន មិនគោរពសិទ្ធិ បត់មិនប្រយ័ត្ន និងស្រវឹង ) និងរបួសសរុប៩នាក់/ស្រី៥នាក់ (របួសធ្ងន់៤នាក់/ស្រី២នាក់) ។ មូលហេតុប្រមូលផ្តុំរួមមាន បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង ប្រជែងគ្រោះថ្នាក់។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីជីវិតអ្នក និងអ្នកដទៃ៕

ដោយ៖សិលា


ចែករំលែក៖